(ហាណូយ)៖ នៅថ្ងៃសុក្រនេះប៉ូលិសក្នុងប្រទេសវៀតណាម បានចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ ដែលត្រូវអាជ្ញាធរចោទប្រកាន់ថា បានប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាច តាមរយៈការចែកចាយមាតិកា ដែលបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ជនឈ្មោះ ហ្វាន ធីថាញ់ញ៉ា (Phan Thi Thanh Nha) អាយុ៣៩ឆ្នាំ បានរង​ការចោទប្រកាន់ អំពីការបង្ហោះនិងចែកចាយអត្ថបទក៏ដូចជាវីដេអូសរុបចំនួន២៥ ចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីព្យាយាមមួលបង្កាច់និងបង្ខូចកិត្តិយស ​ថ្នាក់ដឹកនាំនៃគណបក្សកម្មុយនិស្ត ព្រមទាំងរដ្ឋអំណាចវៀតណាម។

គួរបញ្ជាក់ថា ជន ហ្វាន ធីថាញ់ញ៉ា ក៏ត្រូវបានប៉ូលិសវៀតណាមចោទប្រកាន់ផងដែរ អំពីការចូលជាសមាជិកក្រុមវៀតណាមមួយ ដែលមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយជួយស្វែងរកសមាជិកឱ្យចូលរួមក្នុងក្រុមនេះ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាត់បញ្ចូលជាអង្គការភេរវកម្ម។ កន្លងមក ធ្លាប់មានមនុស្សប៉ុន្មាន​នាក់​ហើយ ដែលត្រូវបានវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគារ សម្រាប់ការពាក់ព័ន្ធជាមួយក្រុម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ាមួយនេះ៕