(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមីនា ពេលថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោក លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងនូវការគិតគូរថ្មីអំពីការជំរុញទំនើបកម្មសង្គមមនុស្សជាតិនិងគំនិតផ្តួចផ្តើមអរិយធម៌សកល។

តើយើងត្រូវការទំនើបកម្មបែបណា? បែកខ្ញែកគ្នាឬវិបុលភាពរួមគ្នា?តម្កល់អរិយធម៌ខាងសម្ភារៈជាសំខាន់ ឬអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា? គឺអភិវឌ្ឍន៍ដោយប្រើធនធានឱ្យអស់រលីង ឬមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា? ប្រកួតប្រជែងគ្នាតាមនយោបាយបូកសូន្យឬសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ? តើត្រូវអភិវឌ្ឍតាមរបៀបថតចម្លងទាំងស្រុងពីប្រទេសផ្សេង ឬអភិវឌ្ឍដោយម្ចាស់ការដោយឈរលើសភាពការណ៍ជាតិរបស់ខ្លួន?

ទាក់ទិននឹងសំណួរខាងលើ លោក Xi Jinping បានលើកឡើងនូវការផ្តួចផ្តើមចំនួន៥ ចំណុចក្នុងកិច្ចសន្ទនាលើកនេះ ពោលគឺ លក្ខណៈប្រជាជននៃទិសដៅធ្វើទំនើបកម្ម ភាពចម្រុះបែបនៃមាគ៌ា និរន្តរភាពនៃដំណើរការ សមិទ្ធផលអាចទទួលបានជាទូទៅ និងភាពរឹងមាំនៃការដឹកនាំ។ក្នុងនោះ “ការតម្កល់ទុកប្រជាជនជាសំខាន់” ជាគំនិតស្នូលនៃទស្សនធ្វើអភិបាលកិច្ចជាតិរបស់លោក Xi Jinping គោលដៅកសាងប្រទេសទំនើបគឺដើម្បីឱ្យប្រជាជនទទួលបានជីវភាពរស់នៅដ៏ល្អបវរ។ “ សមិទ្ធផលអាចទទួលបានជាទូទៅ ” បានបង្ហាញពីទស្សនៈគំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិរបស់លោក Xi Jinping ។ លោកបានប្រៀបធៀបក្នុងកិច្ចសន្ទនាថា ប្រទេសណាមួយក្តី ការស្វែងរកទំនើបកម្មរបស់ប្រទេស ត្រូវដើរតាមមាគ៌ាដែលកសាងរួមគ្នា ចែករំលែករួមគ្នានិងឈ្នះ-ឈ្នះ ។ ប្រទេសដែលដើរនៅជួរមុខគួរជួយប្រទេសដទៃធ្វើការអភិវឌ្ឍដោយចិត្តស្មោះ ។ ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ ពុំអាចឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺជាងមុនទេ, ការរារាំងផ្លូវរបស់អ្នកដទៃ ក៏មិនអាចឱ្យ ខ្លួនឯងធ្វើដំណើរកាន់តែវែងឆ្ងាយនោះដែរ។

ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានពន្យល់ម្តងទៀតអំពីទំនើបកម្មតាមបែបផែនចិន។លោកបាននិយាយថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា ដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ។ ទំនើបកម្មតាមបែបផែនចិនឈរលើសភាពការណ៍ជាតិផង ហើយសិក្សារៀនសូត្របទពិសោធន៍របស់គ្រប់ប្រទេសផង , ដែលជាការបន្តវេននូវប្រវត្តិសាស្ត្រនិងវប្បធម៌ ផង បានសម្រួលអរិយធម៌យុគសម័យថ្មីផង, ផ្តល់នូវផលប្រយោជន៍ដល់ប្រជាជនចិនហើយជំរុញការអភិវឌ្ឍរួមនៃសកលលោក , គឺជាមាគ៌ាល្អធំទូលាយសម្រាប់ចិនកសាងជាតិកាន់តែខ្លាំងក្លាដែលអាចស្តាប្រជាជាតិឱ្យមានភាពរុងរឿងឡើងវិញ ក៏ជាមាគ៌ាដ៏ចាំបាច់សម្រាប់ប្រទេសចិនរុករកការវិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ និងជំរុញឱ្យពិភពលោកមានភាពសុខសាន្តត្រាណ។

ការធ្វើទំនើបកម្មតាមបែបផែនចិនបានក្លាយជាការបង្ហាញរួមនៃគំនិតធ្វើអភិបាលកិច្ចជាតិរបស់លោក Xi Jinping។ តើខ្លឹមសារនៃគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោក Xi Jinping គឺអ្វី?

ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានលើកឡើងនូវ “ គំនិតផ្តួចផ្តើមអរិយធម៌សកល “ជាលើកទីមួយ។ នេះជាផលិតផលសាធារណៈអន្តរជាតិមួយទៀត របស់លោកបន្ទាប់ពី “គំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល” ដែលលោកបានលើកឡើងកាលពីខែកញ្ញាឆ្នាំ ២០២១ និង “គំនិតផ្តួចផ្តើមសន្តិភាពជាសកល” ដែលលោកបានលើកឡើងកាលពីខែមេសាឆ្នាំ២០២២។

“ គំនិតផ្តួចផ្តើមអរិយធម៌សកល “ដែលលោក Xi Jinping បានលើកឡើងរួមមាន៖ រួមគ្នាអំពាវនាវឱ្យគោរពភាពចម្រុះនៃអរិយធម៌សកល, រួមគ្នាអំពាវនាវឱ្យផ្សព្វផ្សាយនូវគុណតម្លៃរួមនៃមនុស្សជាតិ , រួមគ្នាអំពាវនាវឱ្យយកចិត្តទុកដាក់លើការបន្តអរិយធម៌និងការច្នៃប្រឌិតថ្មី , រួមគ្នាអំពាវនាវឱ្យ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមនុស្សជាតិនៃអន្តរជាតិ។ លោក Xi Jinping បានលើកឡើងថា អរិយធម៌ខុសៗគ្នារួមរស់នៅ ដោយបរិយាបន្ន ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញដំណើរការទំនើបកម្មមនុស្សជាតិ និងភាពរុងរឿងនៃឧទ្យានផ្កាចម្រុះនៃអរិយធម៌ពិភពលោក។

ទាំងនេះជាទស្សនៈគំនិតដែលលោក Xi Jinping បានប្រកាន់ខ្ជាប់ជារហូតមក។ កាលពីខែមីនាឆ្នាំ២០១៤ ពេលថ្លែងសុន្ទរកថានៅពេលអញ្ជើញបំពេញទស្សនកិច្ច នៅអង្គការយូណេស្កូលោកបានបញ្ជាក់ថា ៖ «យើងត្រូវជំរុញឱ្យអរិយធម៌ខុសៗគ្នាគោរពរាប់អានគ្នា រស់នៅយ៉ាងសុខដុមរមនា ដើម្បីឱ្យការផ្លាស់ប្តូរនិងការរៀនសូត្រគ្នារវាងអរិយធម៌ក្លាយជាស្ពានបង្កើនចំណងមិត្តភាពរវាងប្រជាជនបណ្តាប្រទេស ក្លាយជាកម្លាំងចលករនៃការរីកចម្រើនរបស់សង្គមមនុស្សជាតិ និងក្លាយជាចំណងសន្តិភាពនៃពិភពលោក។»
អរិយធម៌នឹងកាន់តែចម្រុះពណ៌តាមរយៈការផ្លាស់ប្តូររវាងគ្នា អរិយធម៌នឹងកាន់តែសម្បូរបែបតាមរយៈការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ។ ការធ្វើទំនើបកម្មតាមបែបផែនចិន ជារបៀបថ្មីនៃអរិយធម៌មនុស្សជាតិ តាមរយៈការផ្លាស់ប្តូររវាងអរិយធម៌ដទៃលើពិភពលោក ដែលចាំបាច់នឹងធ្វើឱ្យឧទ្យានផ្កាចម្រុះនៃអរិយធម៌ពិភពលោកកាន់តែត្រចះត្រចង់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន