(មូស្គូ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ និងស្លូវ៉ាគីបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

ប្រទេសណាតូបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុន ខណៈទីក្រុងកៀងបានទាមទារអាវុធមិនចេះចប់ពីប្រទេសទាំងនោះ ដែលខ្លួននិយាយថា វាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។

ទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថា បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះដោយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយពីមុនបានព្រមានថា អាវុធរបស់អង្គការណាតូគឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរបស់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ឧបករណ៍ទាំងអស់នេះនឹងត្រូវបំផ្លាញ»

លោក​បាន​បន្ត​ថា​ «​វា​ហាក់​ដូច​ជា​ប្រទេស​ទាំង​អស់​នេះបានបោះចោលឧបករណ៍​ចាស់​ដែល​មិន​ចាំបាច់​នៅប្រទេសអ៊ុយក្រែន»