(ប៉េកាំង)៖ ជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតសកល ដែលបានបង្ករជាផលប៉ះពាល់យ៉ាងទូលំទូលាយបំផុតដែលមនុស្សជាតិបានជួបប្រទះក្នុងរយៈពេល១សតវត្សរ៍កន្លងមក បានបណ្តាលឱ្យមាន ការគំរាមកំហែងយ៉ាងខ្លាំងចំពោះសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់មនុស្សជាតិ ហើយវាក៏ជាវិបត្តិយ៉ាងធ្ងន់ធ្ងរនិងការសាកល្បងយ៉ាងតឹងរ៉ឹងមួយលើកសម្រាប់ពិភពលោកទាំងមូលផងដែរ។

រយៈពេល៣ឆ្នាំចុងក្រោយនេះ ជានិច្ចកាលរដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង។ យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានដាក់ចេញគោលនយោបាយបង្ការជំងឺរាតត្បាត ដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនដ៏ទូលំទូលាយបំផុត បានជៀសវាងដោយជោគជ័យនូវការរីករាលដាលយ៉ាងទូលំទូលាយ នៃវីរុសកូវីដដើម និងវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងខ្លាំង ការរីករាលដាលនៃជំងឺកូវីដ១៩ និងចំនួនអ្នកស្លាប់បានស្ថិតក្នុងកម្រិតទាបបំផុតក្នុងពិភពលោក បានការពារ សុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា។ អាយុកាលរំពឹងទុកជាមធ្យម របស់ប្រជាជនចិនបានកើនឡើងពី ៧៧,៣ឆ្នាំ នៅឆ្នាំ២០១៩ ដល់៧៨,២ឆ្នាំ នៅឆ្នាំ២០២១។

ការធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ទទួលបានសមិទ្ធផលវិជ្ជមានយ៉ាងខ្លាំង។ រយៈពេល៣ឆ្នាំ ចុងក្រោយនេះ ការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ របស់ពួកយើងមិនដែលឈប់ទេ។ រហូតដល់ពេលបច្ចុប្បន្ននេះ វីរុសបានមានភាពខ្សោយ ប៉ុន្តែយើងមានខ្លាំងវិញ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានរួមសុខរួមទុក្ខជាមួយគ្នា ដោយបង្កើតស្មារតីដ៏អស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ការសាមគ្គីគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានក្លាយជាការចងចាំរួមរបស់ប្រជាជាតិចិន។

នៅដើមឆ្នាំ២០២០ ពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដែលផ្ទុះឡើងដោយទាន់ហន់ណាស់ ក្រោមការបញ្ជាផ្ទាល់របស់លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន រដ្ឋាភិបាលចិនបានអនុវត្តវិធានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយទាន់ពេលវេលាដែលបានកាត់ផ្តាច់ខ្សែសង្វាក់នៃការចម្លងវីរុសប្រកបដោយប្រសិទ្ធភាព ដណ្ដើមបានពេលវេលាដ៏មានតម្លៃសម្រាប់ ការស្រាវជ្រាវ ផលិតនិងប្រើប្រាស់វ៉ាក់សាំងនិងឱសថ ព្រមនិងការត្រៀមរៀបចំធនធានវេជ្ជសាស្រ្ដ ហើយបានក្លាយជាខ្សែការពារដំបូងរបស់ពិភពលោកក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា រាល់ការពលីទាំងអស់របស់ប្រជាជនចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ គឺជាការរួមចំណែកដ៏មហាអស្ចារ្យ សម្រាប់មនុស្សជាតិទាំងមូល។

ព្រមពេលជាមួយគ្នានេះ ប្រទសចិនប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការបើកចំហ មានតម្លាភាពនិងទទួលខុសត្រូវ បានជូនដំណឹងអំពីសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់អង្គការសុខភាព ពិភពលោកដោយទាន់ហេតុការណ៍ ចែករំលែកលំដាប់ហ្សែននៃវីរុសកូវីដ១៩ជាមួយពិភពលោកដោយភ្លាមៗ និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអ្នកជំនាញក្នុងការបង្ការ និងគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ដោយទាន់ពេលវេលា។ នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនជួយកម្ពុជា បានយកសម្ភារៈបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ទៅដល់ រាជធានីភ្នំពេញប្រទសកម្ពុជា ដែលទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានប្រទេសកម្ពុជា។ នៅពេលមើលការផ្សាយផ្ទាល់ អ្នកលេងបណ្តាញអ៊ីនធឺណេតកម្ពុជា បាននាំគ្នាកោតសរសើរ ហើយបញ្ចេញមតិថា «សូមអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន»។

ប្រទេសដែលទទួលបានជំនួយពីប្រទេសចិនមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ។ រហូតដល់ខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានផ្តល់សម្ភារៈទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩សរុបរាប់ រយពាន់លានដល់១៥៣ប្រទេស និងអង្គការអន្តរជាតិចំនួន១៥ បានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ដូចជាការបង្ការនិងគ្រប់គ្រងការីករាលដាលនៃជំងឺកូវីដ១៩និង ជួយសង្គ្រោះ សុខាភិបាលជាដើមជាមួយ១៨០ប្រទេសនិងតំបន់ និងអង្គការអន្តរជាតិចំនួនជាង១០ បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ចំនួន៣៧ ក្រុមទៅកាន់ ៣៤ប្រទេស។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួនជាង២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០។

ប្រទេសចិនធ្វើបែបនេះ គឺមិនត្រឹមតែជួយសង្គ្រោះជីវិតដោយឈរលើស្មារតីមនុស្សធម៌តែប៉ុណ្ណោះទេ ថែមទាំងអនុវត្តគោលគំនិតនៃសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយ លោកXiJinpingប្រធានរដ្ឋចិនដោយសកម្មភាពជាក់ស្តែង បានបង្ហាញពីទំនួលខុសត្រូវចំពោះសន្តិសុខសុខាភិភាពសាធារណៈសកលនិងការអភិវឌ្ឍរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជា-ចិន