(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះបាននិយាយថាសំណើរបស់ទីក្រុងប៉េកាំងពីរបៀបដោះស្រាយវិបត្តិអ៊ុយក្រែន បានឆ្លុះបញ្ចាំងពីទស្សនសកល និងការប្រឹងប្រែងបិទបញ្ចប់ ផលវិបាកទាំងឡាយ ប៉ុន្តែបានទទួលស្គាល់ថាការសម្រេចបានដំណោះស្រាយ មិនមែនជារឿងងាយស្រួលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយនៅមុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងមូស្គូ និងបន្ទាប់ពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន លោក ស៊ី ជិនពីងក៏បានអំពាវនាវផងដែរឱ្យគ្រប់ភាគីប្រកាន់ភ្ជាប់នូវ «ភាពប្រាកដប្រជានិយម» ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ បើតាម Reuters ដែលបានបកប្រែអត្ថបទរបស់ លោក ស៊ី ជិនពីង ចេញពីកាសែតរុស្ស៉ី រ៉ូសស៉ីស្កាយ៉ា ហ្កាហ្សេតា (Rossiiskaya Gazeta) លោកប្រធានាធិបតីចិន បានបន្ថែមទៀតថាផែនការសន្តិភាព១២ចំណុចរបស់ចិន សម្រាប់ជម្លោះអ៊ុយក្រែន ដែលត្រូវបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅ មានគោលបំណងពង្រឹងសាមគ្គីភាពនៃទស្សនៈយល់ឃើញរបស់សហគមន៍ពិភពលោក ប្រកបដោយលក្ខណៈស្ថាបនាក្នុងការបិទបញ្ចប់ផលវិបាក ទាំងឡើយកើតចេញពីវិបត្តិ និងជួយលើកកម្ពស់ការផ្សះផ្សានយោបាយមួយ ហើយនឹងធានាបាននូវស្ថិរភាពនៃចង្វាក់ផ្គត់ផ្គង់ និងផលិតកម្មពិភពលោកផងដែរ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយលោក ពូទីន នៅថ្ងៃចន្ទ ទី២០ ខែមីនានេះ ដែលនឹងធ្វើឱ្យលោក ក្លាយជាមេដឹកនាំពិភពលោកដំបូងគេបំផុត ដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ជុំវិញការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ខាងវិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់បែបនេះ និងចាត់ទុកថាដីការបស់ ICC គ្មានន័យអ្វីឡើយសម្រាប់រុស្ស៉ី៕