(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន នឹង «ពន្យល់លម្អិត» អំពីជំហររបស់រុស្ស៊ីចំពោះជម្លោះនៅអ៊ុយក្រែន ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី២០ ខែមីនានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងការហៅទូរសព្ទ ជាមួយអ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហានៅក្នុងផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងប៉េកាំងកាលពីខែមុន។

លោក Peskov បាននិយាយថា «ក្នុងករណីណាក៏ដោយ នៅពេលដែល លោក ពូទីន និងលោក ស៊ី ជីនពីង ផ្លាស់ប្តូរទស្សនៈស្តីពីអ៊ុយក្រែន វាជៀសមិនរួចក្នុងពិភាក្សាលើប្រធានបទដែលបានគ្រោងទុកនេះ»

លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែនៅទីនេះ ពិតណាស់ ប្រធានាធិបតី ពូទីន នឹងផ្តល់ការពន្យល់យ៉ាងទូលំទូលាយមួយ ដើម្បីឱ្យលោកប្រធានាធិបតី ស៊ី អាចយល់ពីស្ថានភាពបច្ចុប្បន្នដោយផ្ទាល់ពីភាគីរុស្ស៊ី»

ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឱ្យមានការសន្ទនារវាងភាគីទាំងពីរ តែមិនបានរួមបញ្ចូលផែនទីបង្ហាញផ្លូវសម្រាប់របៀបបញ្ចប់សង្រ្គាមនោះទេ។ ដោយសារការបដិសេធរបស់ចិនក្នុងការថ្កោលទោសការលុកលុយរបស់រុស្ស៊ី អ៊ុយក្រែនបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្ន ខណៈដែលសហរដ្ឋអាមេរិកបានច្រានចោល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ីហើយ នាល្ងាចថ្ងៃចន្ទនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៣ថ្ងៃ។

គួរបញ្ជាក់ថា វត្តមានរបស់លោក ស៉ី នៅរុស្ស៉ីនាពេលនេះ ធ្វើឱ្យលោកប្រធានាធិបតីចិន ក្លាយជាមេដឹកនាំពិភពលោកដំបូងបំផុត ដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕