(កៀវ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បាននិយាយថា ក្រុងកៀវរំពឹងថាប្រទេសចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា​ ឆ្នាំ២០២៣។

លោក Nikolenko បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ភ្លាមៗបន្ទាប់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា «អ៊ុយក្រែនកំពុងតាមដានយ៉ាងជិតស្និតនូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់ប្រទេសរុស្ស៊ី»

លោកបានបន្ថែមថា «យើងរំពឹងថាទីក្រុងប៉េកាំងនឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន លើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន»

លោក Nikolenko បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងកិច្ចសន្ទនាកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីស្ដារសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះលើបញ្ហានេះ»

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ីហើយ នាល្ងាចថ្ងៃចន្ទនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៣ថ្ងៃ។

គួរបញ្ជាក់ថា វត្តមានរបស់លោក ស៉ី នៅរុស្ស៉ីនាពេលនេះ ធ្វើឱ្យលោកប្រធានាធិបតីចិន ក្លាយជាមេដឹកនាំពិភពលោកដំបូងបំផុត ដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕