(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំង Su-35 មួយគ្រឿងជាបន្ទាន់ទៅកាន់តំបន់សមុទ្របាល់ទិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីយន្ដហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ២គ្រឿង របស់សហរដ្ឋអាមេរិក បានហោះក្នុងទិសដៅឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃទី២០ ខែមីនា រ៉ាដានៃប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ប្រចាំយោធាភូមិភាគខាងលិចដែល ទទួលខុសត្រូវលើតំបន់សមុទ្របាល់ទិក ចាប់បានសញ្ញាគោលដៅហោះហើរចំនួន២ ក្នុងដែនអាកាសដោយមានទិសដៅតម្រង់ទៅកាន់ព្រំដែនរុស្ស៉ី»។ ក្រសួងការពារជាតិរុស្ស៉ីបានបន្ថែមថាគោលដៅទាំង២ នោះ គឺជាយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក B52 រីឯយន្ដហោះចម្បាំង Su-35 បានហោះត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ខ្លួនវិញ ក្រោយយន្ដហោះទម្លាក់គ្រាប់បែក អាមេរិកហោះចេញឆ្ងាយទៅវិញ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី ក្រោយមានឧប្បត្តិហេតុមួយបានកើតឡើងនៅក្នុងដែនអាកាសសមុទ្រខ្មៅ កាលពីទី១៤ ខែមីនាកន្លងទៅនេះ រវាងយន្ដហោះដ្រូនអាមេរិក មួយគ្រឿង និងយន្ដហោះចម្បាំងរុស្ស៉ី២គ្រឿង។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថាយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿង ក្នុងចំណោម២គ្រឿងបានចាក់សាំងចោលលើយន្ដហោះដ្រូនរបស់ខ្លួន ហើយបាន ហោះទៅបុកទង្គិចនឹងស្លាបចក្រពីខាងក្រោយ ជាហេតុធ្វើឱ្យយន្ដហោះដ្រូននេះធ្លាក់៕