(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីលោកបាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីជប៉ុនដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពនេះដដែលបានឱ្យដឹង ទៀតថានៅក្នុងប្រទេសអ៊ុយក្រែន លោក គីស៉ីដា ត្រូវបានរំពឹងថានឹងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ជប៉ុន ដើម្បីគាំទ្រអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូល G7​ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅខែឧសភាខាងមុខនេះ។ ក៏ប៉ុន្តែ ខាងរដ្ឋាភិបាលជប៉ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈបើជាការពិតមែន នោះវានឹងក្លាយជារឿងដ៏កម្រមួយ ដែលមេដឹកនាំជប៉ុនបំពេញទស្សនកិច្ចនៅក្រៅប្រទេសដោយមិនបានប្រកាសឱ្យដឹងជាមុន។

គួរបញ្ជាក់ថា ជប៉ុន ក្នុងឆ្នាំ២០២៣នេះ គឺជាប្រធាន G7 ហើយលោក គីស៉ីដា នឹងត្រូវធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល G7 រយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ខែឧសភា ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា។ ប្រទេស G7 មានសមាជិកដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕