(ហ្សាការតា)៖ សភារបស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះបានបោះឆ្នោតអនុម័តលើក្រឹត្យគ្រាអាសន្ន របស់លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដើម្បីពង្រឹងច្បាប់ស្តីពីការវិនិយោគ និងការងារ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជំនួសឲ្យច្បាប់ស្រដៀងគ្នាមួយកាលពីឆ្នាំ២០២០ ដែលត្រូវបានកំណត់ថាហាក់មិនសមស្របតាមរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

ច្បាប់ថ្មីដែលកែសម្រួលចេញពីច្បាប់ជាង ៧០ផ្សេងទៀត ត្រូវបានអ្នកវិនិយោគបរទេសសរសើរថាបានសម្រួលដល់បទប្បញ្ញត្តិអាជីវកម្ម ប៉ុន្តែក៏រងនូវការរិះគន់ពីក្រុមកម្មករ និងក្រុមអង្គការបរិស្ថានថា មាននិន្នាការលម្អៀងទៅរកវិស័យអាជីវកម្មពេក។ ការកែសម្រួលនៅក្រោមច្បាប់ឆ្នាំ២០២០ រួមមានការកាត់បន្ថយប្រាក់បំណាច់ការងារ ការកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មី ការដកចេញនូវថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលចាំបាច់មួយចំនួន និងការបន្ធូរបន្ថយច្បាប់លើការត្រួតពិនិត្យផ្នែកបរិស្ថានសម្រាប់ការវិនិយោគ ជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ តុលាការធម្មនុញ្ញឥណ្ឌូណេស៉ីបានកាត់សេចក្តីថា ការអនុម័តច្បាប់នោះគឺមានកំហុស ដោយសារការពិគ្រោះយោបល់ជាសាធារណៈមិនមានលក្ខណៈគ្រប់គ្រាន់ និងបានបញ្ជាឲ្យមានដំណើរការការពិភាក្សាជាថ្មីនៅក្នុងសភា ក្នុងរយៈពេល ២ឆ្នាំ។ លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌណេស៉ី បានប្រាប់សភាបន្ទាប់ពីការអនុម័តនោះថា «អនុក្រឹត្យស្តីពីការបង្កើតការងារ គឺជាវិធានការកាត់បន្ថយវិបត្តិសកល។ ការពារបញ្ហាមិនឲ្យរីករាលដាល និងភាពងាយរងគ្រោះជាសាកលដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ»