(តៃប៉ិ)៖ រដ្ឋាភិបាលទីក្រុងតៃប៉ិនាថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីនវិន (Tsai Ing Wen) នឹងឆ្លៀតឈប់នៅសហរដ្ឋអាមេរិក កំលុងដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី ទៅនិងមកពីតំបន់អាមេរិកកណ្តាល ដែលជាសកម្មភាពអាចនឹងដុតបញ្ឆេះភាពតានតឹងចិន-អាមេរិកថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី សៃ នឹងឈប់សម្រាកនៅទីក្រុងញូយ៉ក និង​ទីក្រុងឡូសអាន់ជេឡេស ដែលជាផ្នែកនៃការបំពេញទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសអាមេរិកណ្តាលចំនួន២ គឺក្វាតេម៉ាឡា និងបេលី ដោយលោកស្រីនឹងចាកចេញពីទីក្រុងតៃប៉ិ នៅថ្ងៃទី២៩ ខែមីនា ហើយត្រឡប់មកវិញនៅថ្ងៃទី៧ ខែមេសា។ ប្រធានាធិបតីតៃវ៉ាន់នានាជាទូទៅ តែងតែឆ្លៀតឆ្លងកាត់សហរដ្ឋអាមេរិក ពេលបំពេញទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តការទូតរបស់ទីក្រុងតៃប៉ិ ដែលស្ថិតនៅតំបន់អាមេរិកឡាទីន តំបន់ការីបង់ និងតំបន់ប៉ាស៉ីហ្វិក ជាដើម។

សហរដ្ឋអាមេរិក ដែលដូចប្រទេសជាច្រើនទៀតដែរ គឺពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយនោះ គឺជាខ្នងបង្អែកសំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ដែនកោះនេះ។ កន្លងមក ចិនបានបង្ហាញក្តីបារម្ភជាខ្លាំង អំពីផែនការឈប់ឆ្លងកាត់សហរដ្ឋអាមេរិករបស់លោកស្រី សៃ ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កាលពីប៉ុន្មាន​សប្តាហ៍មុន។

ប្រភពនាពេលនោះបានបង្ហើបថា ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevil McCarthy) មានបំណងជួបលោកស្រី សៃ កំលុងវត្តមានរបស់លោកស្រី នៅរដ្ឋកាលីហ្វរញ៉ា ថែមទៀតផង។ នៅពេលត្រូវបានសាកសួរសុំការអញ្ជើញអំពីជួបជាមួយ រវាងលោកស្រី សៃ និងលោក ម៉ាក់ខាធី ទីក្រុងតៃប៉ិបានឆ្លើយតបថា ព័ត៌មានលម្អិតនឹងត្រូវបញ្ចេញនាពេលក្រោយ។

គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់គ្រប់រូប សុទ្ធតែធ្លាប់បានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក កំលុងដំណើរទស្សនកិច្ចរបស់ពួកគេ ដោយលោកស្រី សៃ អ៉ីងវិន ផ្ទាល់ ធ្លាប់ធ្វើយ៉ាងដូច្នោះសរុបចំនួន៦លើកហើយ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក ខណៈលើកចុងក្រោយបំផុតគឺកាលពីក្នុងឆ្នាំ២០១៩។ ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន បានបញ្ចេញការខឹងសម្បារជាខ្លាំង កាលពីខែសីហា ឆ្នាំ២០២២ នៅពេលលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលកាលនោះជាប្រធានសភាតំណាងរាស្រ្តអាមេរិក បានមកបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ៕