(ប៉េកាំង)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងក្រុងម៉ូស្គូបានឈានចូលដល់ថ្ងៃទី២ ខណៈដែលប្រទេសចិនបានបង្ហាញពិភពលោកនូវការចង់ព្យាយាម ដោះស្រាយ ជម្លោះនៃវិបត្តិសង្គ្រាមក្នុងអ៊ុយក្រែនដែលអូសបន្លាយរយៈពេលជាងមួយឆ្នាំមកនេះ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានបន្តរកការជួយផ្តល់អាវុធ និងជំនួយយោធាជាច្រើន ថែមទៀតដល់អ៊ុយក្រែនទៅវិញ។ សហរដ្ឋអាមេរិកព្យាយាមចង់ឱ្យពិភពលោកឃើញថា ដំណើររបស់មេដឹកនាំចិនក្នុងក្រុងម៉ូស្គូ គឺជាដំណើរដែលចង់មកជួយរុស្ស៊ីនោះទៅវិញ។

សហរដ្ឋអាមេរិកបានថ្លែងថាពិភពលោកទាំងមូលមិនត្រូវចាញ់បោកចំពោះដំណើរទស្សនកិច្ចរបស់ប្រទេសចិននោះទេ។ សម្តីថ្លែងដាស់តឿននេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក លោក Anthony Blinken ដែលព្រមានទុកជាមុនក្រែងលោជំនួបរវាងមេដឹកនាំ រុស្ស៊ីនិងចិន នឹងមានការស្នើដាក់ចេញណាមួយនូវបទឈប់បាញ់គ្នា។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា «ការអំពាវនាវស្វែងរកការឈប់បាញ់គ្នាដែលមិនធ្វើការដកកងកម្លាំងរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន គឺជាការគាំទ្រយ៉ាងពិតប្រាកដ និងជួយដល់ការធ្វើសច្ចាប័នលើទឹកដីរុស្ស៊ីដែល ដណ្តើមគ្រប់គ្រងនោះទៅវិញទេ។ លោក Anthony Blinken បន្តថា ការអំពាវនាវឈប់បាញ់ គឺជាការ ទទួលស្គាល់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដណ្តើម យកដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំង»

លោក Anthony Blinken បានថ្លែងថាពិភពលោកមិនត្រូវចាញ់កលល្បិចរបស់រុស្ស៊ីដែលមានប្រទេសចិនបានគាំទ្រ និងដែលចង់ឱ្យសង្គ្រាមបានឈប់តាមរបៀបដែលពួកគេចង់បាននោះឡើយ។

ប្រតិកម្មរបស់សហរដ្ឋអាមេរិក បានទន្ទឹមនឹងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងក្រុងម៉ូស្គូ។ នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ គឺជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចដែលជជែកអំពីសំណើរបស់ចិន១២ចំណុចស្វែងរកការបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាសហរដ្ឋអាមេរិកបានព្យាយាមប្រឆាំងទុកជាមុននោះក៏ដោយ។ ក្នុង ជំនួបក្នុងថ្ងៃដំបូង, មេដឹកនាំរុស្ស៊ីនិងមេដឹកនាំចិន បានជួបពិភាក្សាគ្នារយៈពេលបួនម៉ោងកន្លះ។ ប្រធានាធិបតីចិនបានថ្លែងក្នុងឳកាសនោះថាប្រទេសចិននិងប្រទេសរុស្ស៊ីចែករំលែកគោលបំណង ប្រហាក់ប្រហែលគ្នានិងបានបញ្ជាក់ពីសុច្ឆន្ទៈរបស់ចិនក្នុងការសម្តែងតួនាទី ស្វែងរកដំណោះស្រាយនយោបាយមួយចំពោះសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ លើទំនាក់ទំនងរបស់ប្រទេសចិនជាមួយនឹងប្រទេសរុស្ស៊ី និងលោកបាននិយាយថាចិននិងរុស្ស៊ីគឺជាដៃគូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក ស៊ី ជិនពីង ក្នុងជំនួបជាមួយលោក ពូទីន ក្នុងថ្ងៃដំបូងនោះ បានថ្លែងអរគុណចំពោះការអញ្ជើញរូបលោកដើម្បីធ្វើការជួបជជែកតទល់មុខគ្នាមិនជាផ្លូវការក្នុងលក្ខណៈជាមិត្តភាព។ លោក បញ្ជាក់ថាលោកមានបំណងចង់ជជែកផ្លាស់ប្តូរស៊ីជម្រៅទស្សនៈជាមួយនឹងលោក ពូទីនស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហានានាដែលជាការព្រួយបារម្ភរួម។ ទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ លោក ស៊ី ជិនពីង ត្រូវគេចាត់ទុកថាគឺជាការបង្ហាញក្តីគាំទ្ររបស់ប្រទេសចិនចំពោះលោក ពូទីន ដែលកំពុងតែឯកោលើឆាកអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនាប៉ុន្មានថ្ងៃបន្ទាប់ពី តុលាការអន្តរជាតិ ICC បានចេញដីកាដល់ប្រទេសជាសមាជិកចំនួន១២៣ ដើម្បីចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ពីបទនីរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។

ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់របស់តុលាការ ICC នេះ និងចាត់ទុកថាជាដីកាមិនមានបានការអ្វីទាំងអស់។ ក្នុងជំនួបក្នុងក្រុងម៉ូស្គូជាមួយនឹងលោក ស៊ី ជិនពីង, លោក ពូទីន បានថ្លែង ស្វាគមន៍ដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោក ស៊ី ជិនពីន ក្នុងប្រទេសរុស្ស៊ីនេះ និងបញ្ជាក់ថារុស្ស៊ី តែងបើកទ្វារក្នុងការចរចា។ មេដឹកនាំរុស្ស៊ីបានប្រាប់លោក ស៊ី ជិនពីងក្នុងពេលនោះថា «យើងបាន សិក្សាដោយយកចិត្តទុកដាក់នូវសំណើរបស់ប្រទេសចិនក្នុងការចង់ដោះស្រាយវិបត្តិស្រួចស្រាលក្នុងអ៊ុយក្រែន»។ លោកថា «តាមពិតយើងនឹងមានឳកាសដើម្បីពិភាក្សាអំពីបញ្ហានេះ»។ លោក ពូទីន បាននិយាយទៅកាន់មេដឹកនាំប្រទេសចិនទៀតថា «យើងបានដឹងថាលោកបានត្រួសត្រាយកិច្ចការទាំងនេះដោយ គោរពតាមគោលការណ៍យុត្តិធម៌និងការគោរពមូលដ្ឋាននៃច្បាប់អន្តរជាតិ និងសន្តិសុខមិនបែងចែកសម្រាប់ប្រទេសនីមួយៗ»

លោក ស៊ី ជិនពីង និងលោក ពូទីន បានជួបប្រជុំគ្នា ដោយបានពិភាក្សាពីខ្លឹមសារនៃឯកសារ ១២ ចំណុចរបស់ប្រទេសចិន ស្ដីពីជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះរួមមានការអំពាវនាវឲ្យមាន ការសន្ទនាគ្នា ហើយនិងការគោរពចំពោះបូរណភាពទឹកដីរបស់គ្រប់ប្រទេសទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានថ្លែងបង្ហាញនូវការមិនទុកចិត្ត និងចោទថាសំណើ របស់ប្រទេសចិនជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាចជាកលយុទ្ធក្នុងការពន្យារពេលដើម្បីជួយរុស្ស៊ីតែប៉ុណ្ណោះ។ ជំនួបថ្ងៃទី២រវាងលោក ស៊ី ជិនពីង និងលោក ពូទីន ក្នុងក្រុងម៉ូស្គូ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺជាជំនួបផ្លូវការបន្ទាប់ពីជំនួបថ្ងៃទី១មិនជាផ្លូវការកន្លងមកនោះមានរយៈពេលដល់៤ម៉ោងកន្លះ។ ក្នុងជំនួបនៅថ្ងៃទី២១មីនានេះ លោក ស៊ី ជីនពីង នឹងជជែក លំអិតអំពីខ្លឹមសាររកសន្តិភាពទាំង១២ចំណុចជាមួយនឹងលោកពូទីន។ សេចក្តីរាយការណ៍បានបង្ហាញថាក្រោយជំនួបនោះ រួចមក ប្រធានាធិបតីចិន នឹងអាចធ្វើទំនាក់ទំនងតាមប្រព័ន្ធវីដេអូ conference ជាមួយនឹង លោក ហ្សេឡិនស្គីដើម្បីធ្វើការជជែកអំពីផែនការណ៍សន្តិភាពទាំង១២ចំណុចរបស់ប្រទេសចិនថែមទៀត។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ខណៈដែលប្រទេសចិនកំពុងសម្តែងតួនាទីជាអ្នករកការសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែននោះ សេចក្តីរាយការណ៍បានបង្ហាញថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃទី២១មីនា បានធ្វើដំណើរទៅដល់ក្រុងកៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែនផងដែរ។ ដំណើរទស្សនកិច្ចដែលមិនបានជួនដំណឹងជាមុននេះ បានទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងក្នុងប្រទេសរុស្ស៊ី។

*ហេតុអ្វីបានជាមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននាពេលនេះ?

ជប៉ុនគឺជាប្រទេសដែលចូលរួមជាមួយនឹងសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងជាប្រទេសដែលបានផ្តល់ជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។ ប្រទេសជប៉ុនមិនមែនជាមិត្តនៃប្រទេសចិននោះឡើយ។ ជំនួយរបស់ជប៉ុន គឺជាការចូលរួមជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដើម្បី ឱ្យមានការជួយគាំទ្រជប៉ុនវិញជុំវិញស្ថានភាពតានតឹងក្នុងតំបន់អាស៊ីខាងកើត ដែលជប៉ុនបានចោទថាចិនកំពុងតែធ្វើនយោបាយវាតទីនិយម។ កាសែត អាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍ថា ដំណើររបស់នាយករដ្ឋមន្ត្រីជប៉ុន គឺជាការបង្ហាញសាមគ្គីភាពនិងការគាំទ្រឥតរួញរាចំពោះអ៊ុយក្រែនក្នុងនាមជប៉ុនធ្វើជាប្រធាននៃក្រុមប្រទេស G7។ លោកគីស្ហ៊ីដាដែលនឹងធ្វើជាប្រធាននៃ កិច្ចប្រជុំកំពូល G7 នៅក្នុងខែឧសភាត្រូវគេរាយការណ៍ ថាគឺជាមេដឹកនាំតែម្នាក់គត់ក្នុងក្រុមប្រទេស G7 ដែលមិនទាន់បានធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ កាលពីខែមករា ឆ្នាំ២០២៣ លោក គីស្ហ៊ីដាបានថ្លែងថាកិច្ចប្រជុំ G7 ដែល នឹងត្រូវធ្វើក្នុងក្រុង Hiroshima នៃប្រទេសជប៉ុននោះ គប្បីត្រូវបង្ហាញនូវឆន្ទៈរឹងប៉ឺងដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ និងច្បាប់គ្រប់គ្រង បន្ទាប់ពីរុស្ស៊ីបានធ្វើការឈ្លានពានដាក់លើ អ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២នោះមក។

នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែននោះវិញ ការវាយប្រហារគ្នាយ៉ាងសាហាវនៅតែបន្តនាភាគកណ្តាល និងភាគខាងកើតក្រុងបាក់មុត។ មេក្រុម Wagner របស់រុស្ស៊ីលោក Yevgeny Prigozhin បានថ្លែងថាកងកម្លាំងរបស់លោកបានគ្រប់គ្រងក្រុងបាក់មុតបានប្រមាណ៧០ភាគរយ។ សេចក្តីរាយការណ៍បានបង្ហាញថាតំបន់ Avdiivka ភាគខាងកើតនឹងអាចក្លាយជាតំបន់ ប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាដូចគ្នានៅក្នុងក្រុងបាក់មុត នាពេលខាងមុខនេះ។ នៅជាមួយគ្នានេះផងដែរ អាវុធនិងគ្រឿងយុទ្ធភណ្ឌដែលត្រូវផ្តល់មកប្រទេសអ៊ុយក្រែន ត្រូវបានគេបញ្ជាក់នូវ ការសន្យាជាបន្តបន្ទាប់។ ប្រទេសក្នុងសហភាពអឺរ៉ុបបានយល់ព្រមផ្តល់គ្រាប់ផ្លោង Artillery ចំនួនមួយលានគ្រាប់, ប្រទេសណ័រវ៉េផ្តល់រថក្រោះ Leopard2 ចំនួន៨ គ្រឿង, សហរដ្ឋអាមេរិក បានបង្កើនកញ្ចប់ជំនួយយោធាចំនួន៣៥០លានជាបន្ថែមទៀត, ប្រទេសប៉ូឡូញសន្យាផ្តល់យន្តហោះចំបាំង Mig29 ចំនួន៤គ្រឿង ចំណែកប្រទេសស្លូវ៉ាគីក៏បានសន្យាដល់យន្តហោះចំបាំង Mig 29 របស់ខ្លួនចំនួន១៣គ្រឿងដល់អ៊ុយក្រែនផងដែរ៕