(បាកដាដ)៖ កាលពី២០ឆ្នាំមុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសថាអតីតមេដឹកនំាអ៉ីរ៉ាក់ សាដាំ ហូសេន (Saddam Hussein) បានលួចលាក់ស្ដុកអាវុធប្រល័យលោក និងគាំទ្រក្រុមភេរវករ។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៣ អតីតប្រធានាធិបតីអាមេរិក លោក George W Bush បានប្រកាសបិទបញ្ចប់មធ្យោបាយការទូត ហើយបានដាក់ឱសានវាទ រយៈពេល ៤៨ម៉ោងឱ្យសាដាំហូសេន និងកូនប្រុសចាកចេញពីអ៉ីរ៉ាក់។ ប៉ុន្តែ សាដាំ បានបដិសេធ និងបានថ្កោលទោសដោយចាត់ទុកលោក Bush ជាឧក្រិដ្ឋជន និងបានអំពាវនាវឱ្យ ប្រជាជនអ៉ីរ៉ាក់ ក្រោកឈរឡើងដើម្បីការពារទឹកដីរបស់ខ្លួន។

នៅយ​ប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ ក្រុមចម្រុះមួយក្រុមដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែក ហើយក្រោយមក ទើបចាប់ផ្ដើមបើក ការឈ្លានពានតាមជើងគោក។ កងទ័ពចម្រុះនៅពេលនោះរួមមានមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងប៉ូឡូញ។ ក្នុងរយៈពេលត្រឹម៣សប្ដាហ៍ របបដឹកនាំសាដាំ ហូសេន បានដួលរលំ ហើយបីសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី១ ខែឧសភាឆ្នាំដដែល លោក Bush បានប្រកាសពីជោគជ័យរបស់សហរដ្ឋអាមេរិក ចេញពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln។ នៅក្នុងសង្រ្គាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែក និងរ៉ុក្កែតប្រជាធិបតេយ្យជាង ២៩,១៦៦គ្រាប់ ហើយរហូតដល់ថ្ងៃទី១៣ ខែធ្នូ ទើបទាហានអាមេរិកចាប់បានសាដាំ ហូសេន នៅក្បែរទីក្រុង Tikrit។ សាដាំត្រូវបានទោសប្រហារជីវិតដោយព្យួរកពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ នៅចំថ្ងៃបុណ្យអ៉ីស្លាម អ៉ីឌីល អ៊ុតហា (Eid al-Adha) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦។

ក្នុងឆ្នាំ២០១១ ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានកងទ័ពចេញពីអ៉ីរ៉ាក់ ដោយប្រកាសបិទបញ្ចប់សង្រ្គាមដែលបានបន្សល់ទុកមនុស្សបាត់បង់ជីវិត ២៧៥,០០០នាក់ និងប្រទេសមួយពោរពេញដោយការបំផ្លិចបំផ្លាញ។

* ឈ្នះសង្រ្គាម តែបាត់បង់សន្តិភាព
លោក Dan Smith ជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុលខុល (SIPRI) មានមូលដ្ឋានក្នុងទីក្រុងស្ដុកខុល ប្រទេសស៊ុយអែត បាននិយាយថាការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសមួយដែលលោកខាងលិចជឿជាក់ថាអាចជួយឱ្យពួកគេកែប្រែសណ្ដាប់ធ្នាប់ប្រទេស និងតំបន់មួយ ឱ្យស្របទៅតាមអ្វីដែលពួកគេចង់បាន។ ប៉ុន្តែ ការចង់កែប្រែអ៉ីរ៉ាក់ទៅជាប្រទេស ប្រជាធិបតេយ្យបែបលោកខាងលិច មានភាពលំបាកជាងអ្វីដែលក្រុមអ្នកបង្កើតគោលនយោបាយអាមេរិកធ្លាប់បានគិតពីតាំងពីដំបូង ដោយសារតែសង្គមអ៉ីរ៉ាក់ហ៊ុមព័ទ្ធដោយភាពស្មុគស្មាញនៃ និកាយសាសនា និងជនដើមភាគតិច។

ការវាយប្រហារបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ដមួយគ្រឿងលើបរិវេណអគារបេសកកម្មអង្គការសហប្រជាជាតិ ក្នុងទីក្រុងបាកដាដ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៣ បានសម្លាប់ជីវិត មនុស្ស២២នាក់ ដែលនេះជាការបញ្ជាក់ពីការចាប់ផ្ដើមនៃភាពចលាចល និងអសន្តិសុខយូរង្វែង។ «បេសកកម្មនៅពេលនោះដែលមានគោលដៅរំដោះប្រជាជនអ៉ីរ៉ាក់ពីភេរវករ កសាងប្រទេស ឡើងវិញ និងការពង្រឹងសន្តិសុខគ្រប់កម្រិតទាំងអស់បានបរាជ័យទាំងស្រុង»។ នេះជាការលើកឡើងរបស់លោក Javier Solana អតីតអគ្គលេខាធិការអង្គការ NATO នៅក្នុងបទអត្ថាធិប្បាយ មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Project Syndicate កាលពីឆ្នាំ២០១៨។

* អង្គុយលើច្បាប់អន្តរជាតិ
ក្រុមអ្នកច្បាប់អន្តរជាតិភាគច្រើន ដូចជាលោក Kai Ambos មកពីសាកលវិទ្យាល័យ Georg-August-University ស្ថិតនៅក្នុងទីក្រុង ហ្គូតធីងហ្គិន (Göttingen) បាននិយាយថា សង្រ្គាម នៅអ៉ីរ៉ាក់ ជាការប្រើប្រាស់កម្លាំងបាយផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបន្ថែមទៀតថាការឈ្លានពានអ៉ីរ៉ាក់ មិនបានធ្វើឡើងដោយផ្អែកលើដំណោះស្រាយ UN ណាមួយឡើយ។ ដូច្នេះវានៅសល់លទ្ធភាពមួយទៀត គឺការការពារខ្លួនឯងដើម្បីប្រើកម្លាំងបាយ។ ក៏ប៉ុន្តែ នៅពេលនោះវាមិនមែនជាករណីប្រើកម្លាំងបាយការពារខ្លួន ទៅទៀត។

លើសពីនេះទៅទៀត អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan ក៏ធ្លាប់បង្ហាញការយល់ស្របផងដែរថាសង្រ្គាមនៅអ៉ីរ៉ាក់ជាអំពើខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។

*ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសង្រ្គាម
កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅពេលមានការចេញផ្សាយរបាយការណ៍ស្ដីពីការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសង្រ្គាម។ នៅដើមឆ្នាំ២០០៤ ពិភពលោកបានស្គាល់កាន់តែច្បាស់ពី អាប៊ូ ហ្ក្រាអ៉ីប (Abu Ghraib) ដែលជាពន្ធនាគារដ៏សាហាវឃោរឃៅមួយនៅក្រោមរបបដឹកនាំសាដាំ ហូសេន និងមានការប្រែប្រួលតិចតួចប៉ុណ្ណោះ នៅពេលទាហានអាមេរិកគ្រប់គ្រងអ៉ីរ៉ាក់។ នៅពេលនោះ រូបថតមួយចំនួនត្រូវបានសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយពីការធ្វើទារុណកម្មពីសំណាក់ទាហានអាមេរិក លើអ្នកទោសក្នុងពន្ធនាគារ នេះ។

អំពើហិង្សាប្រឆាំងជនស៊ីវិលប្រព្រឹត្តឡើងដោយទាហានអាមេរិក ក៏បានកើតឡើងផងដែរ។ ជាឧទាហរណ៍ ទាហានម៉ារីនអាមេរិក បានបាញ់សម្លាប់ជនគ្មានអាវុធក្នុងដៃ ២៤នាក់ នៅក្នុងទីក្រុង ហាឌីតហា (Haditha) នៅឆ្នាំ២០០៥ និងនៅឆ្នាំ២០០៧ ក្នុងទីក្រុងបាកដាដ បុគ្គលិកឯកជននៃក្រុមហ៊ុន Blackwater ដែលជាក្រុមហ៊ុនមួយទទួលម៉ៅការសន្តិសុខរបស់អាមេរិក បានបាញ់រះ លើហ្វូងមនុស្ស ដោយសម្លាប់មនុស្ស១៧នាក់។ ចំណែកឯ គេហទំព័រ Wikileaks ធ្លាប់បានបញ្ចេញវីដេអូបង្ហាញពីសកម្មភាពឧទ្ធម្ភាគចក្រអាមេរិកបាញ់ប្រហារសម្លាប់ជនស៊ីវិល ១២នាក់ ក្នុងនោះរួមមានអ្នកសារព័ត៌មាន Reuters ម្នាក់។

*កុហកពិភពលោក ដើម្បីធ្វើសង្រ្គាម
នៅមុនធ្វើសង្រ្គាមនៅអ៉ីរ៉ាក់ សហរដ្ឋអាមេរិកបានប្រាប់ពិភពលោកពីហេតុផលសំខាន់ៗ២ ដែលតម្រូវឱ្យខ្លួនធ្វើសង្រ្គាម មានដូចជាអ៉ីរ៉ាក់លួចលាក់ស្ដុកទុកអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោក និងថាអ៉ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាំ ហូសេន បានគាំទ្រដល់ពួកភេរវករអាល់កៃដា។ ប៉ុន្តែ ហេតុផលទាំង២នេះ ក្រោយមកត្រូវបានគេដឹងថាសុទ្ធតែជារឿងកុហក ជាពិសេសនៅក្រោយ ការឈ្លានពាន គេរកមិនឃើញឡើយនូវអាវុធប្រល័យលោក ហើយអ៉ីរ៉ាក់ក៏មិនមានជាប់ពាក់ព័ន្ធនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬក៏សាដាំ ហូសេន មានទំនាក់ទំនងជាមួយអូសាម៉ា ប៊ីន ឡាឌិន ឬក្រុមអាល់កៃដានោះដែរ។

សហរដ្ឋអាមេរិកបានផ្ដើមយុទ្ធនាការរបស់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣ ជាពេលដែលអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell ធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធ្វើបទបង្ហាញពីភស្តុតាងនៃកម្មវិធីអភិវឌ្ឍន៍អាវុធប្រល័យលោករបស់អ៉ីរ៉ាក់ ក្នុងនោះរួមមានទាំងកិច្ចខិតខំប្រឹងប្រែងចង់បានអាវុធនុយក្លេអ៊ែរ។ នៅក្រោយចាកចេញពីរដ្ឋបាលលោក Bush លោក Powell បានស្ថិតនៅក្នុងចំណោមអតីតក្រុមមន្ត្រីអាមេរិកដែលមិនបានបង្ហាញការសោកស្ដាយអ្វីឡើយចំពោះតួនាទីរបស់លោកដែលនាំសហរដ្ឋអាមេរិកធ្វើសង្រ្គាមនៅអ៉ីរ៉ាក់។

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Harvard លោក Stephen Walt បានពន្យល់ថា វាជារឿងដែលរដ្ឋបាលលោក Bush បានសម្រេចចិត្តរួចទៅហើយថាពួកគេចង់ធ្វើសង្រ្គាមនៅអ៉ីរ៉ាក់ ដូច្នេះ ពួកគេត្រូវរកហេតុផលមកបញ្ជាក់ពីភាពត្រឹមត្រូវ។ សាស្ត្រាចារ្យរូបនេះបន្តថា​វាក៏មិនមែនជាព័ត៌មានសម្ងាត់ដែលជំរុញឱ្យមានការសម្រេចចិត្តនោះដែរ តែគ្រាន់តែជាការបង្កើតលេសដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវនូវអ្វីដែលពួកគេបានសម្រេចចិត្តរួចហើយថានឹងធ្វើវាតែប៉ុណ្ណោះ។

* អ៉ីរ៉ាក់ ក្លាយជាគោលដៅរបស់សហរដ្ឋអាមេរិក ជាយូរមកហើយ
ការផ្លាស់ប្ដូររបបដឹកនាំសាដាំ ហូសេន ជាវត្ថុបំណងមួយនៃគោលនយោបាយអាមេរិកតាំងតែពីយូរណាស់មកហើយ ដោយគេអាចត្រឡប់ក្រោយទៅមើលច្បាប់រំដោះអ៉ីរ៉ាក់ ឬ Iraq Liberation Act ក្នុងឆ្នាំ១៩៩៨។ រដ្ឋបាលលោក Bush ក៏បានគិតរួចរាល់ហើយដែរថាតើត្រូវដោះស្រាយយ៉ាងណាជាមួយរបបដឹកនាំសាដាំ ហូសេន នៅពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្មានខែមុននឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា។

លោក Stephen Wertheim ជាមន្ត្រីជាន់ខ្ពស់នៅឯវិទ្យាស្ថាន Carnegie Endowment for International Peace បានលើកឡើងថា សាដាំ ហូសេន គឺតំណាងឱ្យសភាវៈអាក្រក់ប្រឆាំងនឹង សហរដ្ឋអាមេរិក បន្ទាប់ពីសង្រ្គាមឈូងសមុទ្រពែក្ស។ អ្នកជំនាញរូបនេះបន្ថែមថាសហរដ្ឋអាមេរិក បានរំពឹងទុកជាយូរមកហើយថាសាដាំ នឹងត្រូវបានបណ្ដេញចេញពីអំណាច ប៉ុន្តែលោកនៅតែ កាន់អំណាចបានដដែល។ បើតាមលោក Wertheim សាដាំ ហូសេន គឺជាឧបសគ្គមួយដ៏ធំដែលរារាំងដល់ការពង្រីកអំណាចរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បើតាមលោក Wertheim ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា បានផ្ដល់ឱកាសឱ្យរដ្ឋបាលលោក Bush ប្រើប្រាស់កំហឹងប្រជាជនអាមេរិក ទៅជាឱកាសចាត់វិធានការឆ្លើយតប ដោយការធ្វើសង្រ្គាម ហើយគួបផ្សំនៅពេលនោះសហរដ្ឋអាមេរិកជាមហាអំណាចលេខមួយសឹងតែគ្មានគូប្រៀបផងនោះ គ្មានអ្វីអាចរារាំងអាមេរិកបានឡើយ៕