(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃពុធនេះបាននិយាយថាលោកនឹងប្រកាសជាផ្លូវការឆាប់ៗនេះ ពីទីតាំងមូលដ្ឋានទ័ពចំនួន៤កន្លែង ដែលសហរដ្ឋអាមេរិកអាចចូល ប្រើប្រាស់បន្ថែម នៅក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ហៅកាត់ថា EDCA ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសប្រារព្ធខួបបង្កើតកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Marcos Jr បានបង្ហើបថាមូលដ្ឋានទ័ពបន្ថែមទាំង៤ អាចនឹងស្ថិតនៅរាយប៉ាយជុំវិញហ្វីលីពីន ដោយមានខ្លះមានទីតាំង ស្ថិតនៅភាគខាងជើង និងខ្លះទៀតនៅបរិវេណខេត្ត ប៉ាឡាវ៉ាន់ (Palawan) រីឯខ្លះទៀតស្ថិតនៅឯភាគខាងត្បូងបំផុត។ ប្រធានាធិបតីហ្វីលីពីនរូបនេះក៏បានក្រើនរំឮកកងទ័ពហ្វីលីពីនឱ្យបង្កើនការប្រុងប្រយ័ត្ន គ្រប់ពេលផងដែរ ដោយសង្កត់ធ្ងន់ថាការគំរាមកំហែងពីកម្លាំងខាងក្រៅលើសន្តិសុខរបស់ហ្វីលីពីន មានភាពស្មុគស្មាញ និងមិនអាចព្យាករទុកជាមុនបានឡើយ។

គួរបញ្ជាក់ថា លោក Marcos Jr កាលពីខែកុម្ភៈកន្លងទៅ បានយល់ព្រមឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន ចំនួន៤បន្ថែមទៀត ដែលធ្វើឱ្យចំនួនមូលដ្ឋានទ័ពហ្វីលីពីនដែលអាមេរិក អាចចូល ប្រើបានកើនដល់៩ នៅក្រោមកិច្ចព្រមព្រៀង EDCA។ នៅក្រោមកិច្ចព្រមព្រៀង EDCA សហរដ្ឋអាមេរិកអាចប្រើមូលដ្ឋានទ័ពហ្វីលីពីនទាំងនោះសម្រាប់ការបណ្ដុះបណ្ដាលរួមគ្នា ដំឡើងបរិក្ខរ យោធា សាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវរត់សម្រាប់យន្ដហោះជាដើម ឃ្លាំងស្ដុកឥន្ធនៈ និងឱ្យកងទ័ពអាមេរិកឈរជើង តែមិនមែនអចិន្ត្រៃយ៍នោះទេ៕