(ប៉េកាំង)៖ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីនៅថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបតិ្តការនៅក្រុងម៉ូស្គូ ក្នុងន័យអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយលើ គ្រប់វិស័យនិងគ្រប់ស្រទាប់ ។ ភាគីទាំងពីរបានឯកភាពគ្នាថានឹងរួមគ្នាអភិវឌ្ឍភាពយន្តឯកសារនិងរូបភាពប្រវិត្តសាស្ត្រ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក ដូពូឡុយាវ អគ្គនាយកនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី បានតំណាងឱ្យភាគីចិននិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ព្រមទាំងបានថ្លែងសុន្ទរកថា ។ ក្នុងពិធីលើកនេះ ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានផ្តល់ភាពយន្តឯកសារ និងរូបភាពប្រវិត្តសាស្ត្រដ៏មានតម្លៃមួយចំនួនដែលទើបបានរកឃើញ នៅពេលថ្មីៗកន្លងទៅនេះដល់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ភាពយន្តឯកសារនិងរូបភាពដ៏មានតម្លៃទាំងនេះ បានបង្ហាញឱ្យឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់ប្រជាជនចិន អំពីការធ្វើសង្រ្គាមយ៉ាងលំបាកលំបិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏មានឯកសារប្រវតិ្តសាស្ត្រយ៉ាងច្រើនផងដែរ រំពឹងថា ភាគីទាំងពីរអាចបំពេញបន្ថែមឧត្តមភាពនិងចែករំលែកប្រភពធនធាន រួមគ្នាអភិវឌ្ឍភាពយន្តឯកសារនិងរូបភាពប្រវត្តិសាស្ត្រឱ្យបានល្អ ដើម្បីបង្កើនការយល់ដឹងនិងពង្រឹងចំណងមិត្តភាព ជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ។ លោកដូពូឡុយាវ បានថ្លែងថា ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីរីករាយរួមសហការជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្វើការអភិវឌ្ឍ ជួសជុល អភិរក្សនិងប្រើប្រាស់បច្ចេកទេសឌីជីថល ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនយល់ដឹងពី ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរខាងវប្បធម៌និងការយល់ដឹង នៃប្រជាជនរបស់ប្រទេសទាំងពីរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន