(មូស្គូ)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងក្រុងម៉ូស្គូ បានឈានដល់ថ្ងៃចុងក្រោយ។ ទន្ទឹមនឹងមានដំណើរទស្សនកិច្ចនោះដែរ មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រតិកម្មនឹងប្រទេសអង់គ្លេសដែលបញ្ជាក់លើការផ្តល់គ្រាប់បាញ់ទម្លុះដែកដែលជាអាវុធមាន ផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រដ្ឋាភិបាលក្រុងមូស្គូនឹងត្រូវគេ «បង្ខំដើម្បីឱ្យធ្វើប្រតិកម្ម» ប្រសិនបើចក្រភពអង់គ្លេសផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បាញ់រថក្រោះ ដែល មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ Depleted Uranium យូរ៉េនៀម។
ប្រតិកម្មរបស់លោក ពូទីន បានធ្វើនៅថ្ងៃអង្គារទី២១មីនាគឺនៅចំថ្ងៃទី២នៃដំណើរទស្សនកិច្ច របស់មេដឹកនាំចិនលោកស៊ីជីនពីងក្នុងក្រុងម៉ូស្គូ។ ប្រតិកម្មរបស់លោកពូទីនចំពោះអាវុធអង់ គ្លេសដែលផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ គឺបន្ទាប់ពីមានព័ត៌មាននិយាយថា រដ្ឋ​មន្ត្រីក្រសួង ការពារជាតិអង់គ្លេស លោកស្រី Annabel Goldie បានបញ្ជាក់ច្បាស់ថា គ្រាប់សម្រាប់រថក្រោះ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធារបស់អង់គ្លេស ដែលនឹងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធ Challenger2 ជាច្រើនគ្រឿង នោះ។ លោក វ្លាឌីមៀរ ពូទីន បានប្រាប់បណ្តាញសារព័ត៌មានក្រោយការជជែករួចជាមួយនឹង មេដឹកនាំចិនលោកស៊ីជីនពីងនាវិមានក្រឹមឡាំង ថា «ប្រសិនបើរឿងនោះពិតជាបានកើតឡើងមែន រុស្ស៊ីនឹងត្រូវបង្ខំចិត្តឆ្លើយដូចគ្នាតបទៅវិញ»

លោកពូទីនបានថ្លែងសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ថាប្រសិនណាបើរឿងនេះបានកើតឡើងពិត មែន រុស្ស៊ីនឹងចាត់វិធានការណ៍ជាបន្ទាប់ឆ្លើយតបទៅវិញ។ ខ្ញុំនិយាយអំពីការពិតដែលប្រទេស លោកខាងលិចកំពុងចាប់ផ្តើមប្រើប្រាស់អាវុធ ដែលមានផ្សំសមាសធាតុនុយក្លេអ៊ែ័រ»

នៅក្នុងប្រទេសអង់គ្លេសនោះវិញក្នុងការឆ្លើយតបមួយ ចំពោះសំណួរអំពីអាវុធដែលផ្ទុកនូវសារធាតុអ៊ុយរ៉ាញ៉ូមរលាយនោះ លោកស្រីរដ្ឋមន្ត្រីការពារអង់គ្លេស Goldie បានថ្លែងកាលពីថ្ងៃចន្ទ សប្តាហ៍នេះបញ្ជាក់ថា «នៅជាមួយនឹងការផ្តល់រថក្រោះ Challenger2 ចំនួនមួយកង Squadron នោះ ចក្រភពអង់គ្លេសនឹងផ្តល់គ្រាប់រំសេវ ដែលរួមមានគ្រាប់បាញ់ទម្លុះដែកដែលផ្ទុកនូវសារធាតុអ៊ុយរ៉ាញ៉ូមរលាយ»

លោកស្រីរដ្ឋមន្ត្រីអង់គ្លេសបានបន្ថែមទៀតថាគ្រាប់រំសេវ នោះនឹងផ្តល់ប្រសិទ្ធភាពខ្លាំងក្នុង ការផ្ចាញ់រថក្រោះនិងរថពាសដែកណាដែលទំនើប»។

សារធាតុ​អ៊ុយរ៉ាញ៉ូម​​រលាយ​ ​គឺ​ជា​ការផលិតផ្សំបន្ថែមនៃ​ដំណើរការ​ចម្រាញ់សារធាតុ​នុយក្លេអ៊ែរ​ ដែល​សារធាតុនេះត្រូវបានប្រើ​សម្រាប់ចំហេះ​នុយក្លេអ៊ែរ ឬ​អាវុធ​នុយក្លេអ៊ែរ។ សារធាតុនេះ មានឥទ្ធិពលអាចទម្លុះដែកបានយ៉ាងងាយស្រួល។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ The United Nations Environment Program បានចាត់ទុកគ្រាប់រំសេវបែបនេះថាជា «លោហៈធ្ងន់ដែលមានជាតិពុលគីមីនិងវិទ្យុសកម្ម» ថែម ទៀត។

ប៉ុន្តែពីប្រទេសអង់គ្លេសនោះវិញ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាន ច្រានចោល ការព្រមានរបស់លោកពូទីនកាលពីថ្ងៃអង្គារ ដោយប្រតិកម្មតបវិញថា គ្រាប់ផលិតទម្លុះដែកនោះ គឺជាឧបករណ៍ស្តង់ដាដែលគេបានប្រើច្រើនទសវត្សរួចមកហើយ និងជាគ្រាប់ ដែលមិនពាក់ព័ន្ធដល់អាវុធនុយក្លេអ៊ែ័រ ឬសមត្ថភាពនុយក្លេអ៊ែ័រនោះឡើយ។
ក្រសួងការពារជាតិអង់គ្លេស នៅបានចោទ​រុស្ស៊ីវិញ​ពីចេតនាផ្សាយព័ត៌មានមិនពិតដែលនិយាយថា អាវុធមានឥទ្ធិពលទម្លុះដែក Depleted Uranium គឺ​ជា «អាវុធ​ដែល​មាន​សមាសធាតុ​ផ្សំនុយក្លេអ៊ែរ»។ 

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមដែលជាក្រុម Think Tank មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃពុធនេះថា លោកពូទីន បានចាត់ទុកការប្រើគ្រាប់ដែលមានសារធាតុ Depleted Uranium គឺជា «ការធ្វើឱ្យសភាពការណ៍តានតឹងកាន់តែកើនឡើង ក្នុងគោលបំណង ចង់រារាំងជំនួយសន្តិសុខរបស់លោកខាងលិច បើទោះបីជាគ្រាប់រថក្រោះដែលមានឥទ្ធិពល ទម្លុះដែកនោះ មិនមានផ្ទុកសារធាតុវិទ្យុសកម្មណាមួយក៏ដោយ»

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រតិកម្មថា ការសម្រេចចិត្តរបស់ ចក្រភពអង់គ្លេសជុំវិញការផ្តល់អាវុធទាំងនេះដល់អ៊ុយក្រែន គឺជាការបន្សល់ទុកវិធានការតិចតួចណាស់មុនពេលមាន «ការប៉ះទង្គិចនុយក្លេអ៊ែរ» ដ៏មានសក្តានុពល រវាងរុស្ស៊ី និងលោកខាងលិច។

លោក Sergei Shoigu ត្រូវបានអ្នកយកព័ត៌មានដកស្រង់សំដីដែលនិយាយថា «វិធានការមួយទៀត ត្រូវបានដំណើរការហើយ និងវានៅសេសល់តែវិធានការដ៏តិចតួចបំផុតទៀតតែប៉ុណ្ណោះ »
មន្ត្រីជាអ្នកនយោបាយ និងជាអ្នកធ្វើអត្ថាធិប្បាយរបស់រុស្ស៊ី បានថ្លែងស្នើសុំឱ្យរដ្ឋាភិបាល ក្រុងម៉ូស្គូត្រូវរៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែ័ររបស់ខ្លួន បើសិនណាជាចាំបាច់ត្រូវធ្វើការទប់ទល់។

សេចក្តីសម្រេចចិត្តរបស់ក្រសួងការពារជាតិអង់គ្លេស ដែលបានផ្តល់អាវុធប្រភេទនោះដល់អ៊ុយក្រែន ត្រូវបានអង្គការយុទ្ធនាការបំបាត់អាវុធនុយក្លេអ៊ែ័រ The Campaign for Nuclear Disarmnment ដែលជាអង្គការប្រឆាំងនឹងអាវុធនុយក្លេអ៊ែ័រ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស។

សេចក្តីថ្លែងការណ៍អង្គការប្រឆាំងអាវុធនុយក្លេអ៊ែ័រនោះបានថ្លែងថា ការផ្តល់ អាវុធដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ Depleted Uranium អង់គ្លេសទៅឱ្យអ៊ុយក្រែនគឺជា «គ្រោះមហន្តរាយបរិស្ថាននិងសុខភាពបន្ថែម សម្រាប់អ្នកដែលរស់នៅក្នុងជម្លោះ» ដោយ សារតែធូលីមានជាតិពុល ឬមានជាតិវិទ្យុសកម្មរបស់វាអាចត្រូវសាយភាយចេញមកបង្កការប៉ះពាល់»។

អគ្គលេខាធិការនៃអង្គការ The Campaign for Nuclear Disarmnment គឺ លោកស្រី Kate Hudson បានអំពាវនាវដល់រដ្ឋាភិបាលអង់គ្លេសត្រូវធ្វើការផ្អាកវិញជាបន្ទាន់លើការប្រើ ប្រាស់អាវុធអ៊ុយរ៉ាញ៉ូមរំលាយ និងផ្តល់មូលនិធិសិក្សារយៈពេលវែងទៅលើផលប៉ះពាល់ សុខ ភាព និងបរិស្ថានរបស់ពួកគេ»។

ស្រ្តីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova បានហៅផែនការផ្តល់អាវុធដែលមានសារធាតុអ៊ុយរ៉ានីញ៉ូមរំលាយនោះថា ជា «សេណារីយ៉ូយូហ្គោស្លាវី» ដោយនិយាយថា គ្រាប់រំសេវប្រភេទនោះនឹងបង្កមហារីក និងឆ្លងដល់បរិស្ថាន។

រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយផងដែរថា ផែនការនេះបង្ហាញថា ចក្រភពអង់គ្លេស «បានបាត់បង់លំនឹងជំហររបស់ខ្លួន»

ព័ត៌មានជុំវិញការបន្តបង្កើនអាវុធសម្លាប់មនុស្សដល់អ៊ុយក្រែនបានជម្រុញឱ្យមេដឹកនាំចិននិង មេដឹករុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយប្រឆាំងនឹង ការបង្កសភាពការណ៍កាន់តែធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំក្នុងក្រុងម៉ូស្គូ កាល ពីថ្ងៃអង្គារទី២១មីនា លោក ពូទីន និងលោកស៊ីជីនពីងបានថ្លែងព្រមានប្រឆាំងចំពោះចំណាត់ ការណាដែលអាចរុញច្រានជម្លោះអ៊ុយក្រែនទៅជា «ដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន»។ មេដឹកនាំរុស្ស៊ីនិងមេដឹកនាំចិន បាននិយាយព្រមានទៀតថា ក្នុងសង្គ្រាមនុយក្លេអ៊ែរនឹង មិន មានអ្នកណាឈ្នះនិងមានអ្នកណាដែលចាញ់ឡើយ។

នៅក្នុងក្រុងម៉ូស្គូនេះវិញ ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងរយៈពេល៣ថ្ងៃបានឈាន ដល់ចុងបញ្ចប់។ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានបារម្ភជុំវិញប្រទេសចិននឹង ជួយធ្វើអន្តរាគមន៍លើជំនួយយោធាដល់ប្រទេសរុស្ស៊ី។ ពិភពលោកកំពុងតាមដានដំណើរ ទស្សនកិច្ចរបស់លោកស៊ីជីនពីង ដើម្បីចង់ដឹងថាតើដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោកនឹង មានជាប្រយោជន៍អ្វីខ្លះក្នុងការអាចជួយរំលត់ភ្លើងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះ។
សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចដែលកំពុងតែបន្តផ្តល់អាវុធដល់អ៊ុយក្រែន ក្នុងការត្រៀមធ្វើយុទ្ធនាការវាយលុកនិទាឃរដូវ បានជម្រុញឱ្យចិនត្រូវដាក់ការគាបសង្កត់របស់ខ្លួនលើរុស្ស៊ី ដើម្បីការដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនដើម្បីការបញ្ចប់សង្គ្រាម។

តាមពិតដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងក្នុងក្រុងម៉ូស្គូ គឺប្រៀបដូចជាការដុតកម្តៅមួយដល់ សហរដ្ឋអាមេរិកនិងប្រទេសក្រុមសម្ព័ន្ធដែលបានព្យាយាមគ្រប់កលវិធីដើម្បីទប់ ស្កាត់ការធ្វើអន្តរាគមន៍របស់ចិនចូលក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែប្រទេសចិនក្នុងដំណើរទស្សនកិច្ចបីថ្ងៃមកនេះ បានបង្ហាញនូវការដើរតួនាទីជាអ្នកជួយ សម្រុះសម្រួលរកសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនថែមទៀត។

ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង គឺជាដំណើរមួយដែល លោកប្រធានាធិបតីចិនស៊ីជីន ពីង បានចាត់ទុកជា «សករាជថ្មីមួយ» ក្នុងទំនាក់ទំនងមិត្ត ភាព រវាងប្រទេសទាំង២។ លោក ពូទីនបានថ្លែងថា កិច្ចសហប្រតិបត្តិការទ្វេភាគី «ពិតជាមានលទ្ធភាពនិងទស្សនវិស័យគ្មាន ដែនកំណត់ និងផ្តល់មកនូវ «ភាពរុងរឿង» របស់ប្រជាជនរុស្ស៊ីនិង ប្រទេសចិនថែមទៀត។

ចំពោះប្រទេសលោកខាងលិច ដំណើរទស្សនកិច្ចនេះ គឺហាក់ដូចជាការជួយមួយដល់លោក ពូទីនសម្បើមណាស់ ខណៈដែលលោកពូទីនកំពុងរងនឹងភាពឯកោជាអន្តរជាតិ និងកំពុង តែរងនឹងការប្រកាសចាប់ខ្លួនដោយដីការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនោះ លោកស៊ីជីនពីងបានអំពាវនាវរកកិច្ចពិភាក្សាដើម្បីសន្តិភាពតាម រយៈសំណើ១២ចំណុចរបស់ប្រទេសចិន។ លោកស៊ីជីនពីងបានថ្លែងថា សំណើ១២ចំណុចនោះ អាចនឹងបង្កើតជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះ ប្រសិនណាបើអ៊ុយក្រែននិងប្រ ទេសលោកខាងលិចពិតជាចង់ធ្វើការបញ្ចប់សង្គ្រាមក្នុងអ៊ុយក្រែននោះពិតមែន។ មេដឹកនាំ រុស្ស៊ីលោកពូទីន បានថ្លែងថា វាជាការគួរឱ្យសោកស្តាយណាស់ដែលគេមិនទាន់បានឃើញ ភាគីអ៊ុយក្រែននិងប្រទេសលោកខាងលិចបានត្រៀមខ្លួនរួចរាល់ក្នុងការចរចាស្វែងរកសន្តិ ភាពនោះឡើយ។

លោក ស៊ី ជីនពីង និងលោក វ្លាឌីមៀរ ពូទីន ក្នុងក្រុងម៉ូស្គូពាក់ព័ន្ធនឹងការ ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមបាន ចុះហត្ថលេខារូមគ្នាលើសេចក្តីប្រកាសមួយនិយាយថា វាជាការចាំបាច់ណាស់ដែលគេ «ត្រូវគោរពកង្វល់ស្របច្បាប់របស់ប្រទេសទាំងអស់»។ សេចក្តីប្រកាសដដែលនោះ បានបញ្ជាក់ទៀតថា «វាជាការសំខាន់ណាស់ ដើម្បីទប់ស្កាត់ទំនាស់ក្នុងអ៊ុយក្រែនឱ្យស្ថិតក្នុងសភាពអាចគ្រប់គ្រង បានជានិច្ច»។ សេចក្តីថ្លែងការណ៍ស្វែងរកការបញ្ចប់សង្គ្រាមបានសរសេរថា «ភាគីទាំងអស់អំពាវនាវឱ្យ បញ្ចប់រាល់ជំហានដែលរួមចំណែកដល់ការកើនឡើង នៃភាពតានតឹងនិង ការអូសបន្លាយនៃអរិភាព ដើម្បីបញ្ចៀសភាពយ៉ាប់យ៉ឺននៃវិបត្តិ»

សេចក្តីថ្លែងការណ៍របស់រុស្ស៊ីនិងចិនដដែលបានសរសេរទៀតថា រុស្ស៊ីនិងចិនមានក្តីកង្វល់ចំពោះការកើនឡើងនូវវត្តមានរបស់អង្គការណាតូក្នុងអាស៊ី និងសេចក្តីថ្លែងការណ៍ដដែលបានចោទប្រកាន់ រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាប្រទេសដែលបានបំផ្លាញសន្តិសុខសកល លោក។

 សេចក្តីថ្លែងការណ៍របស់ប្រទេសទាំង២បានអំពាវនាវសហរដ្ឋអាមេរិក​ត្រូវបញ្ឈប់ ការបំផ្លាញសន្តិសុខ តំបន់និងអន្តរជាតិនិងឈប់បំផ្លាញស្ថិរភាពយុទ្ធសាស្ត្រពិភពលោកដើម្បី ធានាអត្ថប្រយោជន៍យោធាឯកតោភាគី។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោកស៊ីជីនពីងបានថ្លែងថា ក្នុងនាមប្រទេសជាសមាជិក អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺរុស្ស៊ីនិងចិន នឹងលើកកម្ពស់ពិ ភពលោកដែលមានពហុប៉ូលនិងរួមចំណែកដល់សន្តិសុខស្បៀងនិងថាមពល។ លោកស៊ីជីន ពីងបានបញ្ជាក់បន្ថែមថា «ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានសារៈសំខាន់សម្រាប់សណ្តាប់ធ្នាប់ពិភពលោកទាន់សម័យនេះនិងសំខាន់សម្រាប់ជោគវាសនារបស់មនុស្សជាតិ» ថែមទៀត។ ប្រទេសរុស្ស៊ីនិង ប្រទេសចិន បានបញ្ជាក់ទៀតថា គេនឹងធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់និងបង្កើនកិច្ច សហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ថែមទៀត។
មេដឹកនាំរុស្ស៊ីនិងចិន បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយទៀតស្តីពីការអភិវឌ្ឍន៍ វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០២៣០។ លោក ពូទីន បានថ្លែងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបាននិយាយទៀតថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់សាច់ និងគ្រាប់ធញ្ញជាតិដល់ប្រទេសចិន។
លោក ពូទីន ​ក៏​បាន​និយាយ​ដែរ​ថា តាមរយៈ​ការ​ចូលរួម​កម្លាំង​ជាមួយគ្នា ប្រទេស​ទាំង​ពីរ​អាច​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ក្នុង​វិស័យផ្នែក​ព័ត៌មានវិទ្យាIT និង​ផ្នែកបញ្ញា​សិប្បនិម្មិត។
លោកពូទីននៅបានបញ្ជាក់ទៀតថា ប្រទេសរុស្ស៊ីបានអនុគ្រោះដល់ការប្រើប្រាស់ប្រាក់យ័នរបស់ចិន ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាស៊ី អាហ្វ្រិក និងប្រទេសក្នុងទ្វីបអាមេរិកឡា ទីន នោះថែមទៀត៕