(តូក្យូ)៖ នារយៈពេល២សប្ដាហ៍ចុងក្រោយនេះ មានរឿងភ្ញាក់ផ្អើលជាច្រើនបានកើតឡើងនៅក្នុងតំបន់អាស៊ីបូព៌ា។ ភ្លាមៗ ក្រោយចិនប្រកាសពីជោគជ័យនៃការសម្រុះសម្រួលនូវកិច្ចព្រមព្រៀង ភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃទី២០ ខែមីនា ក្នុងបេសកកម្ម ស្វែងរកបទឈប់បាញ់ និងសន្តិភាពនៅអ៊ុយក្រែន។

នៅថ្ងៃពុធ ទី២២ ខែមីនានេះ លោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងមូស្គូហើយ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែ រឿងដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ច ៣ថ្ងៃរបស់ប្រធានាធិបតីចិន ស្រាប់តែមានសេចក្ដីរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងមុនទៅកាន់ប្រទេស អ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយទីក្រុងកៀវ និងថែមទាំងបានអញ្ជើញលោក ហ្សេលេនស្គី ឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលឆ្នាំនេះជប៉ុនធ្វើជាម្ចាស់ផ្ទះទៀតផង។ ដំណើរទស្សនកិច្ច នៅអ៊ុយក្រែនរបស់លោក គីស៊ីដា មិនមែនជារឿងចៃដន្យទេ តែវាកើតឡើងចំពេលដែលទីក្រុងតូក្យូកំពុងចូលរួមយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់ឥណ្ឌប៉ាស៊ីហ្វិក។

សម្រាប់ចិន ដំណើរទស្សនកិច្ចរបស់លោក ស៊ី មិនមែនជាការសម្ដែងឱ្យបានតែល្អមើលនោះទេ តែវាជាផ្នែកមួយនៃការលើកកម្ពស់មុខមាត់ចិនក្នុងនាមជាមហាអំណាចមួយប្រកបដោយការទទួលខុសត្រូវ ក្នុងការថែរក្សាស្ថិរភាព និងសន្តិភាពសកលលោក ជាពិសេសនៅក្នុងបរិបទដែលទីក្រុងប៉េកាំងចោទថាសហរដ្ឋអាមេរិកកំពុងព្យាយាមគ្រប់គ្រង និងឡោមព័ទ្ធចិន។ ការប្ដេជ្ញាចិត្តរបស់ចិន ចំពោះសម័យ ពហុប៉ូល ជាយុទ្ធសាស្ត្របំបែកអនុត្តរភាពផ្ដាច់មុខរបស់សហរដ្ឋអាមេរិកទាំងខាងនយោបាយ និងសេដ្ឋកិច្ចសកល។ ចំណែកឯ ជប៉ុនវិញ ដែលកំពុងមានជម្លោះដែនទឹកជាមួយចិនស្រាប់ នៅឯតំបន់ សមុទ្រចិនខាងកើត ធ្លាប់បានបង្ហាញការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្រែងថាការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងក្លាយជាការជំរុញលើកទឹកឱ្យចិនប្រើប្រាស់កម្លាំងយោធា វាយកាន់កាប់ តៃវ៉ាន់។

បើតាមក្រុមអ្នកជំនាញ ដោយសារតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងមានទីតាំងភូមិសាស្ត្រនៅកៀកតៃវ៉ាន់ផងនោះ ជប៉ុននឹងមិនអាចរួចឡើយ ប្រសិនបើសង្រ្គាមនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ពិតជាផ្ទុះឡើងមែននោះ។ ដូច្នេះហើយទើបលោក គីស៉ីដា ផ្ទាល់តែងតែនិយាយពាក្យមួយឃ្លាថា «តំបន់អាស៊ីខាងកើត (អាស៊ីបូព៌ា) អាចជាអ៊ុយក្រែននៅថ្ងៃស្អែក»។

* លោក ស៊ី ជិនពីង នៅមូស្គូ រីឯលោក គីស៉ីដា នៅកៀវ
នៅក្នុងជំនួបជាមួយលោក ពូទីន លោក ស៊ី ជិនពីង បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៉ី និងចិន ហើយអ៊ុយក្រែនបានក្លាយជារបៀបវារៈសំខាន់នៃជំនួបកំពូលរវាង មេដឹកនាំទាំង២ ដោយផ្តោតលើផែនការសន្តិភាព ១២ចំណុចរបស់ចិន។ សហរដ្ឋអាមេរិក បាននិយាយថាផែនការសន្តិភាពរបស់ចិនមិនមានភាពប្រាកដប្រជានោះទេ រីឯអ្នកជំនាញខ្លះក៏មើលឃើញដែរថា លោក ស៊ី ជិនពីង កំពុងលើកមុខលើកមាត់ចិនជាអ្នកស្វែងរកសន្តិភាពឱ្យពិភពលោកជំនួសសហរដ្ឋអាមេរិក ខណៈសេតវិមានចោទថាទីក្រុងប៉េកាំងអាចនឹងពិចារណាបញ្ជូនអាវុធឱ្យរុស្ស៉ី។

ក៏ប៉ុន្តែ លោកស្រី Yu Jie ជាមន្ត្រីសា្រវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Chatham House យល់ថាចិនទំនងជានឹងមិនបញ្ជូនអាវុធឱ្យទីក្រុងមូស្គូទេ ដោយសារតែបារម្ភខ្លាចត្រូវប្រឈមមុខនឹងការលះបង់ តម្លៃខ្ពស់ពេកខាងការទូតដោយអាចនឹងត្រូវខូចទំនាក់ទំនងទាំងស្រុងជាមួយលោកខាងលិច។ ណាមួយក្រុមមន្ត្រីចិនកាន់តែមើលឃើញថាសង្រ្គាមនៅអ៊ុយក្រែន វាជាការទទួលខុសត្រូវ ជាជាងឱកាស ពីព្រោះពួកគេភ័យខ្លាចសង្រ្គាមរាលដាលកាន់តែធំគ្រប់គ្រងលែងបាន។ បើតាមលោកស្រី Yu Jie នៅក្នុងចំណោមក្រុមមន្ត្រីប្រតិភូចិនដែលអមដំណើរលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចនៅរុស្ស៉ី មិនមានមន្ត្រីយោធាជាន់ខ្ពស់នោះទេ ដែលនេះជាសញ្ញាមួយបង្ហាញថាកិច្ចចរចាសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជារបៀបវារៈសំខាន់។ វាមើលទៅហាក់ដូចជាចិនកំពុងព្យាយាមដើរតួនាទី មួយប្រកបដោយស្ថិរភាព និងធ្វើយ៉ាងណាធានាឱ្យបានថារុស្ស៉ីមិនអាចចាញ់ទាំងស្រុងជាដាច់ខាត។ នៅក្នុងចក្ខុវិស័យរបស់ចិនសម្រាប់ពិភពលោកពហុប៉ូល នោះគឺពឹងផ្អែកលើរុស្ស៉ីឱ្យដើរតួនាទី ប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាតុល្យភាពអំណាចជាមួយសហរដ្ឋអាមេរិក។ ដ្បិតទាំងចិន និងរុស្ស៉ី ដឹងយ៉ាងច្បាស់ថាមិនអាចប្រឈមមុខដោយផ្ទាល់តែម្នាក់ឯងរៀងៗខ្លួន ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបាននោះទេ។

ដោយឡែក មួយថ្ងៃបន្ទាប់ពីលោក ស៊ី ជិនពីង ចាប់ដៃលោក ពូទីន ជប៉ុនស្រាប់តែប្រកាសពីការបំពេញទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ទីក្រុងកៀវ ក្រោយបិទបញ្ចប់កិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅក្នុងទីក្រុងញូវដេលី។ ជប៉ុននៅក្រោមការដឹកនាំរបស់លោក គីស៉ីដា បានចូលរួមកាន់តែសកម្មភាពជាមួយបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងក៏កំពុងបង្កើនតួនាទីជប៉ុនក្នុងនយោបាយអន្តរជាតិផងដែរ។ ម្លោះហើយ ជប៉ុនចង់ចាប់យកឱកាសនេះដើម្បីបង្ហាញពិភពលោកពីភាពផ្ទុយគ្នានៃនយោបាយការទូតរវាងជប៉ុន និងចិន ហើយចង់បង្កើន តួនាទីរបស់ជប៉ុននៅក្នុងតំបន់អាស៊ីបូព៌ា និងនៅលើឆាកអន​្តរជាតិ។ ព្រោះថាទាល់តែអាចធ្វើបែបនេះបាន ទើបជប៉ុនអាចស៊ីសងជាមួយចិនបាន ហើយទោះជាជប៉ុនបង្ហាញការស្វាគមន៍ដោយប្រុងប្រយ័ត្ន ចំពោះការប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ក៏ពិតមែន ក៏ទីក្រុងតូក្យូមិនចង់ឃើញចិនអង្គុយកៅអីអ្នកបញ្ជាចង្កូតតំបន់អាស៊ីបូព៌ាតែម្នាក់​ឯងនោះដែរ។

* ឧបសគ្គរារាំងដល់ជោគជ័យនៃនយោបាយការទូតអាស៊ី
ទោះបីជាបេសកកម្មការទូតរបស់ចិន និងជប៉ុន ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពិតមែន តែនៅតែមានឧបសគ្គរារាំងជាច្រើនដល់ជោគជ័យសម្រាប់ប្រទេសទាំង២ រៀងៗខ្លួន។ កន្លងមក ចិន និងជប៉ុន ក៏ធ្លាប់បានសាកល្បងធ្វើជាអ្នកសម្រុះសម្រួលស្វែងរកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ាដែរ តែទទួលបរាជ័យតាំងពីពេលចាប់ផ្ដើមដំបូងម៉្លេះ។ មិនតែប៉ុណ្ណោះគ្មាននរណាម្នាក់អាចធានា បានឡើយថាអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ដែលជាសត្រូវស៊ូពូជនឹងគ្នាអស់រាប់សិបឆ្នាំមកនេះអាចនឹងអនុវត្តតាមកិច្ចព្រមព្រៀងបានដោយជោគជ័យ។

នយោបាយការទូតរបស់ជប៉ុន ត្រូវបានគេមើលឃើញថាមានភាពប្រទាក់ក្រឡាគ្នាជាមួយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូសន្តិសុខ ការទូត ជាមួយលោកខាងលិច ទោះជាជប៉ុន បាន ធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃក៏ដោយ។ ដូច្នេះវាអាចទៅរួចថាពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក គីស៉ីដា នៅអ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រកួតប្រជែងគ្នារវាង សហរដ្ឋអាមេរិក និងចិន ហើយកាន់តែច្បាស់ទៅទៀតនោះ គឺមានពាក់ព័ន្ធទៅនឹងវត្ថុបំណងរបស់សហរដ្ឋអាមេរិក និងមានចេតនាប្រឆាំងនឹងឥទ្ធិពលគោលនយោបាយការបរទេសរបស់ចិនតែម្ដង។

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិកដែលជាតួអង្គដ៏សំខាន់ក្នុងជម្លោះ និងជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាច្រើន បានបដិសេធតួនាទីសម្រុះសម្រួលរបស់ចិន ក្នុងជម្លោះអ៊ុយក្រែន ដោយអះអាងថាទីក្រុងប៉េកាំងមិនអាចមានអព្យាក្រឹតឡើយ ដោយសារតែមិនបានថ្កោលទោស ឬរិះគន់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនោះទេ ហើយថាកិច្ចចរចាទាំងឡាយក្នុងខណៈពេលនេះ គ្រាន់តែជា ទុកពេលឱ្យរុស្ស៉ីដង្ហើម និងពង្រឹងការកាន់ទឹកដីអ៊ុយក្រែនដែលខ្លួនបានច្បាមយកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទោះជាជប៉ុន និងចិនសុទ្ធតែកំពុងព្យាយាមចាប់យកឱកាសការទូតក៏ដោយ ក៏ការសម្រេច ជាក់ស្ដែង នៅតែត្រូវអាស្រ័យទៅលើតួអង្គជាភាគីជម្លោះដដែល។ ត្រង់ចំណុចនេះត្រូវបានគេឃើញទាំងនៅក្នុងកិច្ចព្រមព្រៀងអ៉ីរ៉ង់-អារ៉ាប៊ីសាអូឌីត និងដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា នៅអ៊ុយក្រែន ដែលសុទ្ធតែធ្វើឡើងតាមសំណើរបស់ភាគីជម្លោះ។

លោក ហ្សេលេនស្គី បានបង្ហាញការបើកចំហចំពោះផែនការសន្តិភាពរបស់ចិន ប៉ុន្តែលោកក៏ធ្លាប់បានបញ្ជាក់ដែរថានឹងមិនមានឡើយការកាត់ទឹកដីឱ្យរុស្ស៉ី ជាថ្នូរនឹងការសម្រុះសម្រួល ស្របពេលការ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា អាចនឹងត្រូវចិនបកស្រាយថាអ៊ុយក្រែនមិនចាប់អារម្មណ៍នឹងផែនការសន្តិភាព និងតួនាទីសម្របសម្រួលរបស់ខ្លួន៕