(ប៉ារីស)៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បាននិយាយថាប្រតិកម្មឆ្លើយតបរបស់លោកខាងលិចទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ចាប់តាំងពី ឆ្នាំ២០២២មក បានបង្ហាញឱ្យឃើញពីការអនុវត្ត «ស្ដង់ដារ២» របស់លោកខាងលិចចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងការធ្វើបទបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣នេះ នៅក្នុងទីក្រុងប៉ារីស អគ្គលេខាធិការអង្គការ Amnesty International លោកស្រី អាកណែស កាយ៉ាម៉ាដ (Agnes Callamard) បានគូសបញ្ជាក់ថាប្រតិកម្មឆ្លើយតបរបស់លោកខាងលិចចំពោះការឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន បានបង្ហាញឱ្យឃើញពីស្ដង់ដារ២ បើធៀបទៅនឹងប្រតិកម្ម របស់ពួកគេទៅនឹងការរំលោភបំពានសិទ្ធិមនុស្សជាច្រើនដែលផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅតាមតំបន់ដទៃនៅជុំវិញពិភពលោក។ លោកស្រីបានបន្ថែមថាចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ពោលគឺនៅពេលដែលរុស្ស៉ីចាប់ផ្ដើមធ្វើការឈ្លានពាន វាក៏បានបង្ហាញផងដែរពីឆន្ទៈនយោបាយយ៉ាងកម្រ ដើម្បីចាត់វិធានការឆ្លើយតប ខណៈលោកខាងលិចផ្ដល់គាំទ្រ យ៉ាងសម្បើមសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងរុស្ស៉ី ដើម្បីបង្ខំឱ្យលោក ពូទីន បញ្ឈប់ការឈ្លានពាននៅអ៊ុយក្រែន បើកព្រំដែនទទួលយក ជនភៀសខ្លួនអ៊ុយក្រែន ព្រមទាំងបើកការស៊ើបអង្កេតក្រោមក្របខណ្ឌតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងឧក្រិដ្ឋសង្រ្គាមនៅអ៊ុយក្រែនទៀត។ ប៉ុន្តែបើតាម Amnesty International វាបែរជាបង្ហាញស្ដង់ដារ២ទៅវិញ ដោយលោកខាងលិចហាក់ដូចជាស្ងៀមស្ងាត់ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅអេហ្ស៉ីប អារ៉ាប៊ីសាអូឌីត និងការបណ្ដោយឱ្យអ៉ីស្រាអែលគាបសង្កត់ ប្រជាជនប៉ាឡេស្ទីនជាដើម៕