(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការបង្កើនការផលិតសម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង គួរតែត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរគ្រប់ពេលវេលា នៅក្នុងករណីចាំបាច់។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់ លោក គីម ខាងលើនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលរួមមានអាវុធនុយក្លេអ៊ែរតាក់ទិកថ្មីៗ និងបច្ចេកវិទ្យាសម្រាប់ដំឡើង ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៉ីលផ្លោង ក៏ដូចជាពិនិត្យមើលផែនការប្រតិបត្តិការវាយប្រហារដោយនុយក្លេអ៊ែរ ផងដែរ។

លោក គីម បានគូសបញ្ជាក់ថា «សត្រូវនៃកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនជាក្រុមជាក់លាក់ ឬរដ្ឋណាមួយនោះទេ ប៉ុន្តែគឺជាសង្គ្រាម និងគ្រោះមហន្តរាយនុយក្លេអ៊ែរបំផ្លាញខ្លួន ហើយគោលនយោបាយពង្រីកឃ្លាំងអាវុធរបស់កូរ៉េខាងជើង គឺសំដៅតែការពារប្រទេស សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ»

គួរបញ្ជាក់ថា កូរ៉េខាងជើង បច្ចុប្បន្នកំពុងបង្កើនការធ្វើតេស្ដអាវុធ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីកាលពីថ្ងៃចន្ទ និងការហ្វឹកហាត់ពីរបៀបវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ យោធាកូរ៉េខាងជើងក៏ទើបតែបានធ្វើតេស្ដអាវុធយុទ្ធសាស្ត្រនៅក្រោមបាតសមុទ្រ ផងដែរកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនានេះ៕