(ព្យុងយ៉ាង)៖ ស្ថានភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែកើនឡើងបន្តិចម្តងៗ។ បន្ទាប់ពីសមយុទ្ធ Freedom Fields​ រវាងកងកម្លាំងសហរដ្ឋអាមេរិកនិងកូរេខាងត្បូង សមយុទ្ធថ្មីមួយទៀតបាន បន្តដោយមានការចូលរួមពីនាវាអាមេរិកមួយ ដែលផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ។ កូរេខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីផង ចម្ងាយវែងផង និងថែម ទាំងបង្ហាញនូវដ្រូនបាញ់ពីក្រោមបាតសមុទ្ទ ដែលកូរេខាងជើងអះអាងអាចបង្កើតរលកយក្ខ ស៊ូណាមិដោយកម្លាំងថាមពលនុយក្លេអ៊ែរនោះថែមទៀត ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមិន ញញើតចំពោះការគំរាមនោះឡើយ។

នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអែរមួយរបស់សហរដ្ឋអាមេរិកបានមកដល់ កំពង់ផែមួយក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ខណៈដែលភាពតាន តឹងកំពុងតែកើនឡើងជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាងបានបន្តបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់ និងការបង្កហេតុផ្សេងៗមួយចំនួនទៀត។
ការមកដល់របស់នាវាចម្បាំងរបស់អាមេរិកឈ្មោះ Nimitz នេះ គឺជាការបន្តធ្វើសមយុទ្ធបន្ថែមមួយទៀត បន្ទាប់ពីសមយុទ្ធ Freedom Shield ទើបបានបញ្ចប់កាលពីសប្តាហ៍មុន ។ សមយុទ្ធ Freedom Shield គឺជាសមយុទ្ធនិទាឃរដូវដ៏ទៀងទាត់របស់ប្រទេសកូរេខាងត្បូង និងសហរដ្ឋអាមេរិក។ សមយុទ្ធ Freedom Shield បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពី រយៈពេល ១១ ថ្ងៃដែលកងនាវាចររបស់អាមេរិក និងកូរេខាងត្បូងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំ។ វា​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង។ ចំណែកសមយុទ្ធ​ថ្មីដែលនឹងមានការចុះចត​លើ​ទឹកផងនេះ ​កំពុង​តែដំណើរការដែលនឹង បញ្ចប់រហូតដល់​​ថ្ងៃ​ចន្ទ​ទី៣ មេសា ឆ្នាំ២០២៣។

ការត្រៀមធ្វើសមយុទ្ធថ្មីដែលចូលរួមដោយកប៉ាល់ផ្ទុកយន្តហោះ Nimitz របស់សហរដ្ឋអាមេរិក បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចំនួនពីរគ្រាប់ក្នុង ការឆ្លើយតបជាក់ស្តែង ចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មេដឹកនាំលោកគីម ជុងអ៊ុន ថែមទាំង បានចុះត្រួតពិនិត្យលើការងារបាញ់អាវុធដែលទាក់ទងនឹងកម្មវិធី អាវុធនុយក្លេអ៊ែររបស់កូរេខាងជើងនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថា លោកបានអំពាវនាវ​ឲ្យមានការ​បង្កើនការ​ផលិត​​បរិក្ខារ​នុយក្លេអ៊ែរ​ជា​សព្វាវុធ​ ដើម្បីបង្កើនយុទ្ធភ័ណ្ឌនុយក្លេអ៊ែររបស់ខ្លួន និងបញ្ជាក់ថា កូរ៉េខាងជើង​ត្រូវតែ​ត្រៀមលក្ខណៈឲ្យបានពេញលេញ​ក្នុងការ​ប្រើប្រាស់អាវុធទាំងនោះនៅគ្រប់ពេលវេលាទាំងអស់។
ដំណើរចូលចតរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Nimitz នាពេលនេះ គឺជាលើកដំបូង ចាប់តាំងពីខែកញ្ញាឆ្នាំមុន ដែលមាននាវាផ្ទុកនុយក្លេអ៊ែររបស់អាមេរិកបានចូលចតក្នុងកំពង់ ផែកូរ៉េខាងត្បូង។ នាវាNimitz របស់កងទ័ពជើងទឹកអាមេរិកបានចូលចតក្នុងកំពង់ផែ បន្ទាប់ពីក្រុមទាហាន ប្រយុទ្ធអាមេរិកកាលពីថ្ងៃចន្ទ បានចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅក្នុងដែនទឹកបើកចំហក្បែរកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។ នាវាអាមេរិកនេះ បានចូលរួមធ្វើសមយុទ្ធជាមួយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ ជប៉ុននៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងកើតក្នុងរយៈពេល ០៤ថ្ងៃ ដែលនឹង បញ្ចប់រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ឧត្តមនាវីទោ Christopher Sweeney មេបញ្ជាការក្រុមនាវាចម្បាំងក្រុម១១បានប្រាប់សន្និសីទ សារព័ត៌មានស្តីពីនាវាផ្ទុកយន្តហោះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនគ្រោងធ្វើសមយុទ្ធរួមគ្នា បន្ទាប់ពីចាកចេញពីទីក្រុងប៊ូសាន។ លោកបានថ្លែងយ៉ាងដូច្នេះថា«សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរេខាងត្បូង នឹងត្រៀមរៀបចំសម្របចំពោះឧបសគ្គ និងការគំរាមថ្មីដើម្បីការធានាលើសន្តិសុខនៃពលរដ្ឋ អាមេរិកនិងកូរេខាងត្បូងក្នុងអនាគតនៃជំនាន់ខាងមុខ»។

ទីភ្នាក់ងារព័ត៌មានក្យូដូបានដកស្រង់សម្តីរបស់ ក្រសួងការពារជាតិកូរ៉េខាងត្បូងដែលនិយាយ ថា ការមកដល់របស់នាវាផ្ទុកយន្តហោះNimitz នៅកូរ៉េខាងត្បូងនេះ គឺនឹងពង្រឹងកិច្ចសហប្រតិ បត្តិការមិត្តភាព ក៏ដូចជាការត្រៀមខ្លួនរួមគ្នាក្នុងការរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាព។

ក្នុងសមយុទ្ធថ្មីនេះ ក៏រួមមានទាំងសមយុទ្ធលើផ្ទៃអាកាសក្នុងលក្ខណៈទ្រង់ទ្រាយធំ មួយទៀត របស់សហរដ្ឋអាមេរិក ដោយការ ប្រើប្រាស់យន្តហោះចម្បាំងទំនើបទាន់សម័យក៏ដូចជាយន្ត ហោះទម្លាក់គ្រាប់បែកដែលផ្ទុកអាវុធនុយក្លេអ៊ែរ ធ្វើដំណើរចេញមកពីមូលដ្ឋានកងកម្លាំងអាកាសអាមេ រិក។ នៅលើដីគោកនោះវិញសមយុទ្ធបាញ់គ្រាប់ពិត បានបង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួន បូកបញ្ចូលជាមួយនឹងកម្លាំងរថក្រោះ កាំភ្លើងផ្លោង Artlillery របស់ក្រុមសម្ព័ន្ធមិត្ត… ដែល សមយុទ្ធបែបនេះ បានបង្កក្តីកំហឹងដល់កូរេខាងជើង។ អតីតមេបញ្ជាការចូលនិវត្តន៍ម្នាក់របស់កូរេខាងត្បូង លោក Chun Im Bun បានថ្លែងបង្ហាញ ថា ការចង់ធ្វើការវាយប្រហារណាមួយដាក់លើកូរេខាងជើង នឹងបង្កឱ្យមានគ្រោះថ្នាក់វិញនោះទេ។

ឧត្តមសេនីយ៍ឯកចូលនិវត្តន៍និងធ្លាប់ជាមេបញ្ជាការម្នាក់នៃកម្លាំងសង្គ្រាមពិសេសរបស់កូរេ ខាងត្បូង លោក Chun Im Bun បានថ្លែងថា «ប្រជាពលរដ្ឋអាចនឹងមានគំនិតចង់ធ្វើ ការវាយ ប្រហារទុកជាមុន ឬការវាយប្រហារដាក់ទៅលើកូរេខាងជើង ប៉ុន្តែក្នុងសភាពជាក់ស្តែងគឺវាមិន អាចទៅរួចទេ ហើយវាថែមទាំងអាចមានគ្រោះថ្នាក់នូវអាវុធនុយក្លេអ៊ែរថែមទៀត»

កូរេខាងជើងដែលបានខឹងនឹងការធ្វើសមយុទ្ធយោធាសហរដ្ឋអាមេរិកនិងកូរេខាងត្បូង បាន ធ្វើការបាញ់មីស៊ីលជាបន្តបន្ទាប់ តាំងពីមីស៊ីលបាលីស្ទីកអន្តរទ្វីបដែលទំនើប និងខ្លាំងបំផុតមួយដែលអាវុធនោះអាចហោះធ្លាក់លើទឹកដីសហរដ្ឋអាមេរិកនាកន្លែងណាមួយក៏បាន រហូតដល់ មីស៊ីលបាញ់រយៈចម្ងាយខ្លីរបស់ខ្លួន ក៏ដូចជាមីស៊ីលគ្រូសដ៏ទំនើប និងថែមទាំងដ្រូនបាញ់ពី ក្រោមទឹកដែលកូរេខាងជើងនិយាយថា អាចបង្កើតជារលកយក្ខស៊ូណាមិដោយកម្លាំងថាមពល នុយក្លេអ៊ែរថែមទៀត។

កាលពីថ្ងៃអង្គារ៍ទី២៨មីនា បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់កូរេខាងជើងបានបង្ហាញនូវរូបភាព របស់មេដឹកនាំកូរេខាងជើង លោក គីម ជុងអ៊ុន ដែលកំពុងត្រួតពិនិត្យមើលអ្វីដែលកូរេខាងជើង បានហៅថា អាវុធតាក់ទិកនុយក្លេអ៊ែរនិងបច្ចេកវិទ្យាសម្រាប់បំពាក់ក្បាលគ្រាប់លើមីស៊ីលបាលីស្ទីក។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការបង្ហាញនូវសាច់ដុំរបស់កូរេខាងជើងនោះ មិនបានធ្វើឱ្យស ហរដ្ឋអាមេរិកមានការខ្លាចឬរួញរាឡើយ។ សហរដ្ឋអាមេរិកបានប្តេជ្ញា នឹងគ្រោងធ្វើសមយុទ្ធ ជើងទឹកជាច្រើនទៀតជាមួយនឹងប្រទេសកូរេខាងត្បូងនិងជាមួយប្រទេសជប៉ុនផងដែរ។

ឧត្តមនាវីទោ Christopher Sweeney បានថ្លែងថា «យើងទាំងអស់ចង់មានមិត្តច្រើន ដូច្នេះវា ចាំបាច់ណាស់ដែលយើងរួមគ្នាធ្វើអន្តរប្រតិបត្តិការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងក្នុងដែន ប៉ាស៊ីហ្វិកខាងលិច»
ការមកដល់របស់នាវាផ្ទុកយន្តហោះNimitz នៅកូរ៉េខាងត្បូងនេះ ត្រូវគេនិយាយថា វាមិនមែន ត្រឹមតែជាសារព្រមានចំពោះកូរេខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារបានបង្ហាញដល់ប្រទេស ចិនផងទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងត្រូវសហរដ្ឋអាមេរិកចោទថា កំពុងតែបង្កើន សមត្ថភាពយោធារបស់ខ្លួនជាពិសេសកងកម្លាំងជើងទឹកដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកដែលដកចេញវត្តមានរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា បានបង្ហាញនូវមហិច្ឆិ តារបស់ខ្លួនរួចមកហើយក្នុងការចង់ស្វែងរកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសការ ចង់បំបែកមហាកំពែងរបស់ចិន ដូចអ្វីដែលសហរដ្ឋអាមេរិកធ្លាប់បំបែកមហាកំពែងក្នុងទ្វីបអឺរ៉ុបកន្លងមក៕