(កៀវ)៖ បេសកជនក្រុងកៀវបាននិយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែនគ្រោងនឹងទាក់ទាញកម្មករហ្វីលីពីនឱ្យជួយកសាងទីក្រុងរបស់ខ្លួនឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

រុស្ស៊ីបានបើកការវាយលុកច្រើនដងលើទឹកដីអ៊ុយក្រែន និងទីក្រុងធំៗកាលពីខែកុម្ភៈឆ្នាំមុន ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្ទះរាប់សែនខ្នង និងបង្ខំមនុស្សជាង ៨លាននាក់ឱ្យភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅអឺរ៉ុប។

ការកសាងឡើងវិញរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំដោយចំណាយអស់ ៤១១ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

ខណៈពេលដែលមេដឹកនាំកំពុងរៀបចំផែនការក្រោយសង្រ្គាម លោក Denys Mykhailiuk ភារធារីនៅស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសម៉ាឡេស៊ី ដែលមានដែនសមត្ថកិច្ចលើប្រទេសហ្វីលីពីន បានធ្វើដំណើរទៅកាន់ប្រទេសប្រជុំកោះមួយនេះ រយៈពេល ៤ថ្ងៃ ដើម្បីស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Makati ថា ការចរចានឹងចាប់ផ្តើមឆាប់ៗនេះសម្រាប់កម្មករហ្វីលីពីនដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ខណៈដែល «ទីក្រុងទាំងមូលត្រូវបានបំផ្លេចបំផ្លាញ»។

លោកបានបន្ថែមថា «ប្រជាជនហ្វីលីពីនដែលខិតខំធ្វើការ» និងអ្នកវិនិយោគមកពីប្រទេសនេះនឹងត្រូវបានស្វាគមន៍បំផុត។

លោក Mykhailiuk បាននិយាយថា អ៊ុយក្រែនក៏មានគម្រោងបង្កើនពាណិជ្ជកម្មទ្វេភាគី និងបើកស្ថានទូតមួយនៅក្នុងប្រទេសហ្វីលីពីននៅចុងឆ្នាំនេះ ដោយហៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះថា ជា «ប្រទេសអាទិភាព» នៅក្នុងតំបន់៕