(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថានឹងអាចដោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២៤ប៉ុណ្ណោះ ប៉ុន្តែបានបដិសេធមិន និយាយថាតើត្រូវដោះស្រាយតាមរបៀបណានោះទេ។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Fox News លោក Sean Hannity ដែលត្រូវបានចេញផ្សាយ កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អតីតប្រធានាធិបតីអាមេរិកវ័យ ៧៦ឆ្នាំរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើសង្រ្គាមមិនត្រូវបានដោះស្រាយបញ្ចប់ ខ្ញុំនឹងដោះស្រាយដោយប្រើ ពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន ហើយការរៀបចំកិច្ចចរចាជារឿងងាយស្រួលបំផុត។ ប៉ុន្តែ ខ្ញុំមិនចង់ប្រាប់អ្នកនោះទេថាត្រូវបញ្ចប់វាដោយ របៀបណា»

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយដល់ឆ្នាំ២០២៤ ការរៀបចំកិច្ចចរចារវាងលោកប្រធានាធិបតី ហ្សេលេនស្គី និងលោកប្រធានាធិបតី ពូទីន គឺជារឿងងាយស្រួលបំផុតសម្រាប់លោក តែអ្វីដែលសំខាន់នោះគឺឱ្យតែលោកអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី៕