(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវចំពោះអ្វីដែលលោកបានធ្វើ នៅក្នុង សង្រ្គាមប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀន ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កំពុងស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្រោមអាណត្តិដឹកនាំរបស់លោក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាជាវីដេអូមួយដែលចែកចាយបន្តនៅលើបណ្ដាញ Twitter ដោយអ្នកសារព័ត៌មានម្នាក់មកពីសា្ថនីយទូរទស្សន៍ ABS-CBN លោក ឌូតើតេ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាន ធ្វើអ្វីដែលខ្ញុំត្រូវតែធ្វើ...ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវ។ ខ្ញុំអាចនឹងជាប់គុករយៈពេលវែង ឬក៏អាចនឹងស្លាប់ក្នុងគុក»

បើតាមអាជ្ញាធរហ្វីលីពីន មនុស្សជាង ៦,២០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀនរបស់លោក ឌូតើតេ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សនៅក្នុងស្រុក អះអាងថា អ្នកស្លាប់មានចំនួនច្រើនជាងតួលេខផ្ដល់ដោយអាជ្ញាធរ។ តុលាការ ICC បានផ្អាកការស៊ើបអង្កេតរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២១ តាមការស្នើរបស់ហ្វីលីពីន ដែលពេលនោះបាន អះអាងថា កំពុងបើកការស៊ើបអង្កេតផ្ទាល់ខ្លួនហើយ។ ការស៊ើបអង្កេតរបស់ ICC បានចាប់ផ្ដើមឡើងវិញកាលខែមករា ឆ្នាំ២០២៣ ហើយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅនេះ តុលាការអន្តរជាតិមួយនេះ បានទាត់ចោលសំណើសុំឱ្យបញ្ឈប់​ការស៉ើបអង្កេតទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់អតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌីហ្គោ ឌូតឺតេ ជាហេតុធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos) បានប្រកាសកាត់ផ្តាច់ការទាក់ទងទាំងអស់ជាមួយតុលាការ ICC។

គួរបញ្ជាក់ថា លោក ឌូតឺតេ បានសម្រេចដកហ្វីលីពីនចេញពីសន្ធិសញ្ញា​របស់ ICC កាលពីឆ្នាំ២០១៨។ លោកក៏ធ្លាប់បានអះអាងជាច្រើនលើកច្រើនសាថា លោកមិនដែលបាន​​បង្គាប់ឱ្យមាន ការសម្លាប់ជនសង្ស័យ ក្រៅពីករណីស្វ័យការពារនោះឡើយ ហើយលោកក៏បាននិយាយដែរថា រូបលោកស្ម័គ្រចិត្តនឹងឡើងដល់​តុលាការសម្រាប់សង្រ្គាមគ្រឿងញៀនរបស់លោក ប៉ុន្តែ វាអាចកើតឡើងទៅបាន លុះត្រាតែនៅក្នុងតុលាការរបស់ហ្វីលីពីនផ្ទាល់ប៉ុណ្ណោះ៕