(ប៉េកាំង)៖ ប្រទេសចិនបានធ្វើការលើកឡើងដោយកំហឹងថា ប្រទេសជប៉ុនបានប្រព្រឹត្តអំពើ មិនទទួលខុសត្រូវ ដោយបានដកជំនួយរបស់ខ្លួន ដែលទុកសម្រាប់ផ្តល់ឲ្យ អង្គការបេតិកភណ្ឌពិភពលោក យូណេស្តូ (UNESCO) នៅក្នុងឆ្នាំ២០១៦នេះ ដោយសារតែរឿងប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងការសម្លាប់រង្គាល នៅក្នុងខេត្តណានជីង ប្រទេសចិន កាលពីឆ្នាំ១៩៣៧។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងថា ការសម្លាប់រង្គាល ខាងលើ គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយ និងរឿងប្រវត្តិសាស្រ្តពិតៗ ដែលមានការទទួលស្គាល់ពី សហគមអន្តរជាតិ ហើយអង្គការ UNESCO បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ក្នុងការដាក់បញ្ចូលព្រឹត្តិការណ៍នេះ ទៅក្នុងបញ្ជីនៃកម្មវិធី «ការចងចាំនៃពិភពលោក» ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩២ ក្នុងគោលបំណងថែរក្សាការពារ ឯកសារប្រវត្តិសាស្រ្តសំខាន់ៗ ឲ្យបានស្ថិតស្ថេរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង លោកស្រី Hua បានបន្តថា «អ្វីដែលជប៉ុនបាននិយាយនិងកំពុងប្រព្រឹត្ត បានលាតត្រដាងឲ្យឃើញសាជាថ្មីម្តងទៀត នូវអាកប្បកិរិយាដ៏ខុសឆ្គងរបស់ទីក្រុងតូក្យូ ដែលមិនព្រមទទួលស្គាល់ប្រវត្តិសាស្រ្ត ហើយការដែលមិនផ្តល់ថវិកាជំនួយទៅដល់ អង្គការ UNESCO ដើម្បីដាក់សម្ពាធនោះ ពិតជាធ្វើឡើងដោយគ្មានទំនួលខុសត្រូវអ្វីទាល់តែសោះ»

គួរបញ្ជាក់ថា ចំណងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជប៉ុន-ចិន បានធ្លាក់ចូលទៅ ក្នុងភាពល្អក់ខ្វល់ ដោយសារតែជម្លោះទឹកដីនៅសមុទ្រចិនខាងកើត និងដោយសារតែអតីតកាល នៃការឈ្លានពានរបស់ជប៉ុន ចូលមកក្នុងទឹកដីចិន។ ពាក់ព័ន្ធនឹងបញ្ហានេះ ចិនបានរំលឹក អតីតកាលដ៏ជូរចត់ថា កងទ័ពជប៉ុនដែលបានឈ្លានពានប្រទេសខ្លួន និងបានសម្លាប់ប្រជាជានចិន ប្រមាណ ៣០០,០០០នាក់កាលពីឆ្នាំ១៩៣៧ នៅភាគកណ្តាលខេត្តណានជីង ប៉ុន្តែអ្នកនយោបាយ និងបណ្ឌិតមួយចំនួនរបស់ជប៉ុន បានបដិសេធថា ការសម្លាប់ដ៏រង្គាលនេះ មិនធ្លាប់កើតមានឡើងនៅក្នុងប្រវត្តិសាស្រ្តនោះឡើយ៕