(​វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន និង លោក ដូណាល់ ត្រាំ ចាប់ផ្តើមជជែកដេញដោលគ្នាជុំទីបី ជាលើកចុងក្រោយនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ខណៈសល់តែជាង២០ថ្ងៃទៀតការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកនឹងឈានចូលមកដល់។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានីយ៍ ទូរទស្សន៍ CNN​ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

យោងតាមការស្ទង់កាលពីពេលថ្មីៗនេះ លោកស្រីគ្លីនតុន បានទទួលសម្លេងគាំទ្រ ៤៧% ទល់នឹង ៣៨% របស់លោកត្រាំ ដែលកំពុងរងការរិះគន់យ៉ាងខ្លំាងជុំវិញការ ប្រើពាក្យសម្ដីប្រមាជទៅលើស្រ្តី រហូតដល់មានថ្នាក់ ដឹកនំានៃគណបក្សសាធារណៈរដ្ឋមួយចំនួន ចេញមុខប្រឆាំង និងទាមទារឱ្យលោកដកខ្លួនពីការប្រកួតប្រជែង។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី គេមិនអាចកំណត់លទ្ធផលទុកជាមុនបានឡើយ ព្រោះថានៅខាងបេក្ខជនប្រធានាធិបតី​ មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Email ផងដែរដែល ត្រូវបានចុះផ្សាយដោយគេហទំព័រ Wikileaks​ ជាបន្តបន្ទាប់ ហើយនេះអាចជាឱកាសមួយ សម្រាប់លោកត្រាំ ទាញយកមេរៀនពីវេទិកាតស៊ូមតិជុំទី១ ពោលគឺបេក្ខជនប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងលើកយក រឿងអាស្រូវ Email ការវាយប្រហារស្ថានទូតអាមេរិកប្រចំាទីក្រុង Benghazi​​ ប្រទេសលីប៊ី កាលពីឆ្នាំ ២០១២ ព្រមទំាងសង្រ្គាមនៅស៊ីរី និង អ៊ីរ៉ាក់ មកវាយប្រហារលើលោកស្រីគ្លីនតុនសារជាថ្មី។

សូមជំរាបថា វេទិកាតស៊ូមតិលើកចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីទំាងពីរ ធ្វើឡើងនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) នៅឯសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Las Vegas​ មុននឹងការ បោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាក្រោយនេះ៕