(វៀងច័ន្ទ)៖ សមាជិករដ្ឋសភានៃប្រទេសឡាវបានអំពាវនាវឲ្យស្ថាប័នផ្សព្វផ្សាយ ក៏ដូចជាអ្នកសារព័ត៌មានក្នុងស្រុក​ត្រូវស្ថិតនៅក្រោមការកំណត់ដោយនីតិរដ្ឋឲ្យកាន់តែច្បាស់បន្ថែមទៀត ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់​នឹងចូលរួមចំណែកប្រកបដោយភាពវិជ្ជមានក្នុងកិច្ចការពារ និងអភិវឌ្ឍន៍ជាតិ។ នេះបើតាមសេចក្តីរាយការណ៍​របស់សារព័ត៌មានរដ្ឋ Vientiane Times ដែលដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមាជិករដ្ឋសភាខេត្ត Luang Prabang លោក Sinnava Souphanouvong បានថ្លែងថាលោកចង់ឲ្យច្បាប់​របស់ប្រទេសឡាវកំណត់កាន់តែច្បាស់បន្ថែមទៀតទៅលើបុគ្គល និងអង្គភាពទាំងឡាយណាដែលត្រូវបាន​អនុញ្ញាតឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាន។ លោក Souphhanouvong បានលើកឡើងថាជនដែល​មានអាយុក្រោយ១៨ឆ្នាំ, អតីតទណ្ឌិត, ឬអ្នកមានបញ្ហាផ្នែកសតិអារម្មណ៍ រួមទាំងក្រុមហ៊ុន, សហគ្រាស, និងអង្គការ​ផ្សេងៗដែលត្រូវបានហាមឃាត់ដោយច្បាប់ ក៏ដូចជាជនបរទេសនិងជនណាដែលគ្មានសញ្ជាតិឡាវ ឬក៏មកតាំងទី​លំនៅក្នុងប្រទេសឡាវ មិនគួរទទួលបានការអនុញ្ញាតឲ្យមានឬប្រតិបត្តិមុខជំនួញទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន​នៅក្នុងប្រទេសឡាវនោះឡើយ។

ជាមួយគ្នានេះដែរសមាជិករដ្ឋសភាប្រចាំខេត្ត Luang Prabang មួយរូបទៀតគឺលោក Thongchanh Manixay ក៏បានគូសបញ្ជាក់ដែរថាបើយោងតាមច្បាប់របស់ប្រទេស ប្រព័ន្ធផ្សព្វផ្សាយមាន​កាតព្វកិច្ចដើរតួនាទីជាប្រភព​នៃការពិត, ការអប់រំ, មគ្គុទេសក៍, និងការតស៊ូ ហើយលោកមានបំណងចង់ឲ្យស្ថាប័នផ្សព្វផ្សាយ​ទាំងអស់ផ្តល់នូវ​ព័ត៌មាន​តាមលក្ខណៈ​បែបវិទ្យាសាស្រ្ត​ពិតៗ ហើយនេះ​គួរតែក្លាយ​ជាលក្ខណៈ​សម្បតិ្តសំខាន់ទីប្រាំរបស់វា​ដើម្បី​ការពារកុំឲ្យប្រព័ន្ធ​ផ្សាព្វផ្សាយដឹកនាំអ្នក​ទស្សនានិង​សាធារណជន​ដើរផ្លូវខុស​សំដៅទៅរកការគិត​បែបអបិយជំនឿ។

លើសពីនេះទៀតសមាជិករដ្ឋសភាជាតិ​ឡាវជាច្រើនរូបទៀត បានលើកឡើងបន្ថែមថា វាគឺជារឿងចាំបាច់មួយដែល​​អ្នកសារព័ត៌មានត្រូវចេះ​ភាសាបរទេស ដូចជាភាសា​អង់គ្លេស​ជាដើម។ គួរបញ្ជាក់ថា​ប្រទេស​ឡាវត្រូវបានចាត់ទុក​​ជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានសេដ្ឋកិច្ចរីកចំរើនលឿនគួរឲ្យកត់សម្គាល់ ខណៈវិស័យព័ត៌មាន​ក៏កំពុងមានសក្តានុពលខ្លាំង​ផងដែរក្នុងការបម្រើ​ដល់ប្រជាជនជិត៧លាននាក់របស់ខ្លួន៕