(វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ​ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លើកចុងក្រោយរៀងៗខ្លួននៅក្នុងរដ្ឋសំខាន់ៗ ដែលអាចកំណត់ពីជោគវាសនាថានរណានឹងក្លាយជាប្រធានាធិបតី​អាមេរិកនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC​ News នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ត្រាំ ជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានធ្វើយុទ្ធនាការស្វែងរកការគាំទ្រចុងក្រោយ នៅក្នុងរដ្ឋ Florida, North Carolina, Pennsylvania, New Hampshire និងរដ្ឋ Michigan ខណៈគូប្រជែង របស់លោកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ក៏បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Michigan, Pennsylvania, North Carolina និង New Hampshire ដូចគ្នាដែរ។

ជាមួយគ្នានោះដែរថ្លែងនៅឯទីក្រុង Sarasota នៃរដ្ឋ Florida មហាសេដ្ឋីអចលនទ្រព្យរូបនេះ នៅតែប្រើពាក្យសម្ដី វាយប្រហារលើលោកស្រី គ្លីនតុន ដោយហៅលោកស្រីថា ជាមនុស្សពុករលួយ និងមិនសក្តិសមធ្វើជាប្រធានាធិបតី​ឡើយ ព្រមទំាងបានអះអាងថាជ័យជម្នះរបស់លោកគឺបញ្ជាក់ពី ការបញ្ចប់អំពើពុករលួយ នៅក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយលោកស្រី គ្លីនតុន ក៏បានលើកឡើងដែរថា លោកស្រីចង់ក្លាយជាប្រធានាធិបតីម្នាក់សម្រាប់ អ្នករាល់គ្នារាប់ទំាងអ្នកបោះឆ្នោតគាំទ្រ និងប្រឆាំងនឹងលោកស្រី។ មិនតែប៉ុណ្ណោះលោកស្រី គ្លីនតុន បានអះអាងថា លោក ត្រាំ នឹងបរាជ័យដោយសារវោហាសាស្ត្ររបស់ខ្លួនឯង ដែលបានធ្វើឱ្យមានការបាក់បែកគ្នារវាង ប្រជាជនអាមេរិក ហើយថាបេសកកម្មដំបូងគេរបស់លោកស្រី នោះគឺប្រមូលផ្ដុំសាមគ្គីភាពឡើងវិញ៕