(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាស NASA បាននិយាយថារូបភាពថ្មីមួយរបស់ភពផែនដី នាពេលរាត្រីបានបង្ហាញនូវពន្លឺដ៏ភ្លឺនៃធម្មជាតិ ព្រមទាំងការបង្កើតដ៏អស្ចារ្យ​របស់​មនុស្ស​លោកនៅក្នុងភពផែនដី។ នេះបើយោងតាមប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃអង្គារទី០៨ ខែតុលា ឆ្នាំ២០១៦។

ទីភ្នាក់ងារអវកាស NASA បាននិយាយថារូបភាពដ៏ស្រឡះរបស់ផ្ទៃមេឃនៅពេលយប់ ដោយគ្មានពពកគ្របដណ្តប់ ដែលត្រូវចាប់បានដោយផ្កាយរណបថ្មីមួយរបស់ NASA ត្រូវបានដាក់បញ្ចូលជា​មួយនឹងរូបភាពដែល​បានមកពី ផ្កាយរណបរបស់ទីភ្នាក់ងារ​គ្រប់គ្រងបរិយាកាស និងមហា​សមុទ្ររបស់ជាតិ ដោយវាបាន​បង្ហាញឲ្យក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​ឃើញនូវភាពភ្លឺចិញ្ចាច​ចិញ្ចែង​នៃពន្លឺរបស់​ទីក្រុងនីមួយៗ, ឧស្ម័នមួយចំនួន, ពន្លឺក្រហមៗ, ព្រមទាំងពន្លឺដ៏ស្រស់ស្អាតរបស់ព្រះច័ន្ទផងដែរ។

ជាមួយគ្នានេះដែរអ្នកស្រាវជ្រាវម្នាក់​ឈ្មោះលោក Steve Miller មកពីមហាវិទ្យាល័យខូឡូរ៉ាដូ​ ខាងផ្នែកស្រាវជ្រាវ​​បរិយាកាស​បាននិយាយថា «មូលហេតុដែលក្រុមអ្នកវិទ្យាសាស្រ្ត​ព្យាយាមចាប់​យក​រូប​ភាពរបស់​ភព​ផែនដី នាពេលយប់នេះ គឺដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជំរៅទៅលើស្រទាប់បរិយាកាសរបស់ភពផែនដី ព្រមទាំង​លក្ខណៈ​ខុសប្លែករបស់​វាដែលជា​ពិសេសនៅ​ពេលយប់។ យើងត្រូវដឹងថាផែន​ដីមិនដែលចេះសម្រាក និងគេង ដូចមនុស្សឡើយហើយ​នៅពេលយប់របស់​ភពផែនដី មិនមែនងងឹត​ដូចជាយើងធ្លាប់​បានគិតនោះឡើង»