(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao ទទួលបានទឹកប្រាក់ធានារ៉ាប់រងចំនួន ៤លានដុល្លារ ពីការឡើងវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ទល់នឹងជើងខ្លាំងអាមេរិក Jessie Vargas កាលពីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សប្តាហ៍មុន បន្ថែមលើតម្លៃខ្លួន ៧៥ភាគរយដែលទទួលបានពីសង្វៀន Thomas and Mack Center។

នាយកប្រតិបតិ្តផ្សព្វផ្សាយ និងផ្គូផ្គងកីឡាករប្រចាំ Top Rank លោក Bob Arum បានថ្លែងប្រាប់ Bleacher Report ថា «ការប្រកួតដណ្តើមខ្សែក្រវាត់ WBO កាលពីថ្ងៃអាទិត្យកន្លងទៅ PacMan ទទួលបាន ៤លានដុល្លារពីធានារ៉ាប់រង ខណៈដែលកីឡាករម្ចាស់ផ្ទះ Vargas ទទួលបាន២.៨លានដុល្លារ បន្ថែមលើតម្លៃខ្លួន ៧៥ភាគរយដែលសង្វៀន Thomas and Mack Center ផ្តល់ឲ្យ»

តែយ៉ាងណាមិញ នៅពេលអ្នកសារព័ត៌មាន Bleacher Report សួរពីទឹកប្រាក់សរុបដែលគូដណ្តើមខ្សែក្រវាត់ទទួលន បាន បុរសជនជាតិអាមេរិកខាងលើ មិនបានបញ្ជាក់ឡើយ គ្រាន់តែបង្ហើបថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada សហរដ្ឋអាមេរិកមួយនេះ ទទួលបានប្រាក់សរុបជាង ៥០០លានដុល្លារពីការលក់សំបុត្រ និងលក់សិទ្ធិផ្សាយបន្តផ្ទាល់ ដោយលោកសង្កត់ធ្ងន់ថា Pacquiao ទទួលបានប្រាក់តិចជាងកាលប្រកួតចាញ់ Floyd Mayweather ឆ្នាំ២០១៥ ទេ ទោះរូបគេឈ្នះខ្សែក្រវាត់ WBO ក៏ដោយ។

សូមរំលឹកថា អធិរាជប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao ជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ ដណ្តើមបានខ្សែក្រវាត់ WBO ជាលើកទី៣របស់គេ មុនពេលឈ្នះលើកដំបូងតាំង​ពីឆ្នាំ​២០១០មក ហើយក៏ជាការបរាជ័យលើក ទី១ផងដែររបស់កីឡាករវ័យ ២៧ឆ្នាំ Vargas ក្នុងការឡើងការពារខ្សែក្រវាត់ដែលរូបគេទើបគ្រប់គ្រងបាន៨ខែប៉ុណ្ណោះ បន្ទាប់ពីផ្តួលគូប្រជែង Sam Ali សន្លប់​ក្នុងទឹកទី៩ កាលពីខែមីនា ឆ្នាំ២០១៦៕