(​វ៉ាស៊ីនតោន)៖ គិតចាប់ពីឆ្នាំ១៩៥១ និងក្រោយការអនុម័តលើការធ្វើវិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិកបានកំណត់សាជាថ្មីថា ប្រធានាធិបតីម្នាក់មានសិទ្ធិឈរ​ឈ្មោះឱ្យគេ​បោះឆ្នោតត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ហើយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក មានតែលោក Franklin D. Roosevelt ម្នាក់គត់ដែល អាចកាន់ដំណែងជាប្រធានាធិបតីអាមេរិកដល់ទៅ៣អាណត្តិ ដោយសារតែ​សង្រ្គាមលោកលើកទី២។   

ដោយឡែកបើរាប់ចាប់តំាងពីឆ្នាំ១៩៣៣ នៃជំនាន់លោក Franklin D. Roosevelt មកដែរ គេសង្កេតឃើញថា គណបក្សប្រជាធិបតេយ្យមានប្រធានាធិបតី គ្រប់គ្រងប្រទេស០៧រូប ក្នុងនោះរួមមាន លោក Franklin D. Roosevelt, លោក Harry S. Truman, លោក John F. Kennedy, លោក Lyndon B. Johnson, លោក Jimmy Carter, លោក Bill Clinton, និង លោក Barack Obama។ ចំណែកឯប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋមាន ០៦រូបដូចជា លោក Dwight D. Eisenhower, ​លោក Richard M. Nixon, លោក Gerald R. Ford, លោក Ronald W. Reagan, លោក George H. W. Bush(ឪពុក), និងលោក George W. Bush​(កូន)។

សម្រាប់ប្រធានាធិបតីទាំងឡាយខាងលើនេះ គឺប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសុទ្ធសឹងតែបានដឹកនាំ​អំណាចពីរអាណត្តិទាំងអស់ លើកលែងតែលោក Franklin D. Roosevelt។ ដោយឡែកសម្រាប់គណបក្ស​សាធារណរដ្ឋវិញលោក លោក George H. W. Bush បានតែមួយអាណត្តិប៉ុណ្ណោះ ហើយ ប្រធានាធិបតីផ្សេងៗទៀតបានពីរអាណត្តិ។

ដូច្នេះ​គេអាចនិយាយបានថា គណបក្សប្រជាធិបតេយ្យមានអាណត្តិគ្រប់គ្រងប្រទេសច្រើនជាង គណបក្សសាធារណរដ្ឋ ស្របពេលដែលនៅក្នុងការបោះឆ្នោត នៅថ្ងៃទី០៨ ខែវិច្ឆិកា គេនឹងដឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន ឬក៏លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៤៥៕