(ម៉ានីល)៖ ប្រធានាធិបតិរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអបអរសារទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ហើយក៏សង្ឃឹមដែរថា ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលលោក ត្រាំ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងរៀបចំកិច្ចសន្ទនាជាបន្តបន្ទាប់សំដៅធ្វើ​ឱ្យប្រសើរ​ឡើងនូវទំនាក់ទំនង​រវាងប្រទេសទំាងពីរ ដែលកំពុងខ្វែងគំនិត​គ្នាជុំវិញបញ្ហាពិភព​លោកជាច្រើន ជាពិសេសបញ្ហានៅស៊ីរី។ នេះបើតាមសេចក្តីថ្លែងការណ៍ពី​វិមានក្រឹមឡាំ ដែលសារព័ត៌មាន​រុស្ស៊ីចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ីតាំងពីដើមឡើយ បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង​ទៅលើលោក ដូណាល់ ត្រាំ ក៏ព្រោះតែអនាគតប្រធានាធិបតីអាមេរិកថ្មីរូបនេះ ធ្លាប់បានអះអាងថាលោកចង់ឲ្យ​ទំនាក់ទំនងអាមេរិក​ជាមួយរុស្ស៊ី​មានភាពប្រសើរឡើងវិញ ហើយក៏ចង់ស្និតស្នាលជាមួយលោក ពូទីន ដែលជាបុគ្គលដឹកនាំដ៏មានឥទ្ធិពលលំដាប់​កំពូលនៅលើពិភពលោកនេះផងដែរ៕