(ហុងកុង)៖ ទីផ្សារភាគហ៊ុនជាច្រើននៅលើពិភពលោកបានធ្លាក់ចុះជាបណ្តើរ រីឯប្រាក់ដុលា្លរអាមេរិកក៏បានធ្លាក់ថ្លៃផងដែរ​បើធៀបទៅនឹងប្រាក់យ៉េនជប៉ុន និងប្រាក់អឺរ៉ូ នៅថ្ងៃពុធនេះបន្ទាប់ពីបេក្ខភាពប្រធានាធិបតីនៃគណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ ក្រោយផ្ដួល លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។

ជ័យជម្នះរបស់​លោក ត្រាំ បានធ្វើឱ្យគេនឹងឃើញដល់ការបោះឆ្នោត​ប្រជាមតិចាកចេញពីសហភាពអឺរ៉ុបឬ Brexit ពីសំណាក់ចក្រភព​អង់គ្លេស ដែលធ្លាប់បានធ្វើឱ្យទីផ្សារភាគ​ហ៊ុនធា្លក់​ចុះម្ដងរួចមក​ហើយ។ តួយ៉ាងគ្រាន់តែ លទ្ធផលប្រកាសថាលោក ត្រាំ ជាប់ឆ្នោត ភាគហ៊ុនក្នុងទីក្រុងតូក្យូ ធ្លាក់ចុះអស់ ៥.៤ ភាគរយ, ហុងកុង ៣ ភាគរយ និងសៀងហៃ ០.៦ ភាគរយខណៈភាគហ៊ុន Nasdad របស់ Wall Street នៃសហរដ្ឋអាមេរិកបាន ធ្លាក់ចុះ ៥ ភាគរយហើយមិនតែប៉ុណ្ណោះសូម្បីតែទីផ្សារភាគហ៊ុននៅ កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី រួមទំាងប្រាក់ ប៉េសសូ (Peso) ​ម៉ិកសិក ក៏ដូចជាទីផ្សារ​ហ៊ុននៅទីក្រុងប៉ារីស ឡុងដ៏ និងផ្សារហ៊ុន អាល្លឺម៉ង់ សុទ្ធតែបន្តធ្លាក់ចុះ។

ទោះបីជាបែបនេះក្តី គេត្រូវការពេលវេលាបន្ថែមទៀតដើម្បីសន្មត់ថាតើទំហំនៃការប៉ះពាល់ដល់ពិភពលោក​នឹងមានកម្រិតណា ខណៈភ្លាមៗបែបនេះតួលេខមិនច្បាស់ការ ឬការភ័យខ្លាចជ្រុលអាច​នាំឲ្យមានការធ្លាក់ចុះ៕