(សេអ៊ូល)៖ សម្ព័ន្ធមិត្តទាំងពីររបស់អាមេរិកគឺប្រធានាធិបតីកូរ៉េខាងត្បូងលោក ស្រី ផាក គឺនហេ និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីហ្សូ អាបេ បានចេញសារសម្តែងការអបអរសាទរ​ចំពោះការជាប់​ឆ្នោត​ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងសេអ៊ូល អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Cheong Wa Dae បានលើកឡើងថា លោកស្រី ផាក បានចូលរួមអបអរជ័យ​ជម្នះរបស់លោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី​អាមេរិកលើកទី៤៥នេះ ហើយអ្នកនាំពាក្យរូបនេះបានអះអាងថារដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសហការការងារយ៉ាងជិតស្និតជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីបន្តសម្រេចឲ្យបាននូវសន្តិភាពនិងវិបុលភាពនៅតំបន់ឧបទ្វីបកូរ៉េ, អាស៊ីឦសាន, និងនៅតំបន់ផ្សេងៗទៀត ដោយការពង្រឹងនិងអភិវឌ្ឍន៍សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីហ្សូ អាបេ ក៏បានចូលរួមអបអរជ័យជម្នេះដ៏ធំធេងរបស់លោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកផងដែរ ហើយលោក អាបេ បានប្តេជ្ញាថាប្រទេសទាំងពីរនឹងបន្តរក្សារទំនងទំនងដ៏ជិតស្និតរវាងគ្នានិងគ្នាបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅ​បំផុតចំពោះការទទួលបានជោគជ័យ​របស់អ្នកនៅក្នុងការក្លាយជាប្រធា​នាធិបតីថ្មី​របស់សហរដ្ឋអាមេរិក។ មួយវិញទៀត ជប៉ុននិងអាមេរិក គឺជាសម្ព័ន្ធមិត្តមិនអាចបំបែកបាន ដោយត្រូវបានផ្សារភ្ជាប់ដោយគុណតម្លៃរួមគ្នារួមមានសេរីភាព, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, និង​និតិរដ្ឋ»