(ប៉េកាំង)៖ ប្រធានាធិបតីនៃមហាអំណាចចិន Xi Jinping បានផ្ញើសារអបអរសាទរចំពោះជ័យជំនះរបស់លោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ទី៤៥។

រដ្ឋាភិបាលចិននៅថ្ងៃពុធនេះបាននិយាយថា ខ្លួននឹងនៅតែធ្វើការងារល្អជាមួយប្រធានាធិបតីអាមេរិកថ្មីដូចមុនដដែល ដើម្បីធានាឱ្យបាននូវស្ថរភាព និងការអភិវឌ្ឍទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​មហាយក្សទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន People Daily នាថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។

ការលើកឡើងបែបនេះធ្វើឡើងដោយអ្នកនំាពាក្យរដ្ឋមន្រ្តីការបទេសចិន លោក Lu Kang បន្ទាប់ពីលទ្ធផលបោះឆ្នោតបង្ហាញថាបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ ក្រោយផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក្នុង សំឡេងគាំទ្រឈ្នះវ៉ាដាច់ឆ្ងាយតែម្តង។

សូមជំរាបថា នៅក្នុងរដ្ឋបាលទាំងពីរអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា ប្រទេសចិននិងអាមេរិក បានជួបប្រទះបញ្ហា​ខ្វែងយោបល់គ្នាជាច្រើនលើបញ្ហា សមុទ្រចិន ខាងត្បូង កូរ៉េខាងជើង និងទំនាក់​ទំនងសេដ្ឋកិច្ច ហើយប្រទេសចិនពេលនេះក៏​កំពុងរំពឹងទុកដែរថា ទំនាក់ទំនងដ៏ស្រអាប់កាលពីអតីតកាល អាចនឹងលាងសម្អាត ឡើងវិញដោយរដ្ឋាភិបាលថ្មីរបស់​សហរដ្ឋអាមេរិក ដែលដឹក​នាំដោយ​លោក ដូណាល់ ត្រាំ៕