(វ៉ាស៊ីនតោន)៖ បុរសម្នាក់ដែលបានចូលរួមចំណែកជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជា​ប្រធានាធិបតី អាមេរិកគឺអតីតអភិបាលរដ្ឋ Indiana និងជាអនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ផ្ទាល់គឺលោក Mike Pence​ ហើយប្រហែលជាមនុស្សភាគច្រើននៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាបុរសរូបនេះ មានឥទ្ធិពលដល់កំរិតណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

​ក្នុងនាមជាអនាគតអនុប្រធានាធិបតី លោក Mike Pence មានអាយុ ៥៧ឆ្នាំបានជួយផ្ដល់យោបល់ និងការពារការរិះគន់ទំាងឡាយទំាងនៅក្នុងជួរបក្សសាធារណរដ្ឋ និងមជ្ឈដ្ឋានទូទៅមកលើលោក ដូណាល់ ត្រាំ។ ជាក់ស្ដែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Wisconsin ​កាលពីសប្ដាហ៍មុន លោក​​ Mike Pence បានរារំាងការរិះគន់ប្រឆំាងនឹងលោក ដូណាល់ ត្រាំ ពីសំណាក់ប្រធានសភាមកពីគណបក្ស​សារធារណរដ្ឋ លោក Paul Ryan និងព្រឹទ្ធសមាជិក លោក Ron Johnson ដោយសំអាងថា ​វាមានវិធីសាស្ត្ររួមទំាងមធ្យោបាយជាច្រើនដែលឱ្យលោក ដូណាល់ ត្រាំ ធ្វើការជាមួយនឹងពួកគេ។

គួរបញ្ជាក់ថា កាលពីអំឡុងពេល លោក ដូណាល់ ត្រាំ កំពុងផុងខ្លួនក្នុងរឿងអាស្រូវផ្លូវភេទដែលបានធ្វើឱ្យ​មេដឹកនាំបក្សសាធារណរដ្ឋកំពូល មួយចំនួនប្រឆាំងនឹងរូបលោក ហើយរហូតដល់មានអ្នកខ្លះបានបង្ហាញពី​បំណងចង់ឱ្យលោក Mike Pence​​ ជំនួសកៅអីជាបេក្ខភាពប្រធានាធិបតីទៀតផង។ «ខ្ញុំបានឃើញ​បុរសម្នាក់នេះ (លោក Mike​ Pence) នៅពេលដែលគេគ្រប់គ្នាមើលរំលងរូបគាត់ ដែលជាមនុស្សក្លាហាន​ និងស្មោះត្រង់ជាទីបំផុត។» នេះជាការលើកឡើងរបស់លោក Paul Ryan ប្រធានសភាអាមេរិក៕