(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីអាមេរិកដែលទើបនឹងជាប់ឆ្នោតក្តៅៗ លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាគ្នាជាលើកដំបូងបំផុតនៅទីក្រុងញូយ៉ក សហរដ្ឋអា​មេរិក នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលសារព័ត៌មានចិនស៊ិនហួរ ដកស្រង់នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការបង្ហើបអំពីដំណើររបស់លោក អាបេ ដែលនឹងទៅកាន់ទីក្រុងញូយ៉ក ដើម្បីជួបលោក ត្រាំ នេះបានកើត​មានឡើងបន្ទាប់ពីលោក ត្រាំ និងលោក អាបេ បានពិភាក្សាគ្នាតាមទូរស័ព្ទអស់រយៈពេល ២០នាទី ហើយមេដឹកនាំទាំងពីរក៏បានឈានដល់ការព្រមព្រៀងថា នឹងត្រូវជួបគ្នាជាផ្លូវការតែម្តងនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះដើម្បីពិភាក្សាបញ្ហាមួយចំនួនបើទោះបីជាលោក ត្រាំ ពេលនេះមិន​ទាន់ក្លាយ​ជា​ប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិកក៏ដោយ។

គួរបញ្ជាក់ថាបន្ទាប់ពីដំណើរទៅជួបលោក ត្រាំ រួចរាល់លោក អាបេ នឹងបន្តដំណើរទៅកាន់ប្រទេសប៉េរូ នៃតំបន់អាមេរិកខាងត្បូងបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយឡែកសម្រាប់​ជំនួបជាមួយលោក ត្រាំ នោះមិនទាន់មានការបញ្ជាក់ថាមេដឹកនាំជប៉ុន នឹងអាចលើកយកបញ្​ហា​អ្វី​ខ្លះ​មក​ពិភាក្សានោះឡើយ ប៉ុន្តែអ្វីដែលល្បីល្បាញបំផុតពេលនេះគឺបញ្ហានុយក្លេអ៊ែរ ដែលលោក ត្រាំ ធ្លាប់អះអាង​ថាចង់ឲ្យប្រទេសជប៉ុនមានអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីការពារខ្លួនតែជប៉ុន​មិនព្រម៕