(មូស្គូ)៖ កងកម្លាំងប្រើប្រាស់មីស៊ីលជាយុទ្ធសាស្រ្ត (SMF) នៃប្រទេសរុស្ស៊ីបានធ្វើការសាកល្បងនូវ​គ្រឿងយន្ត ប្រយុទ្ធដោយស្វ័យប្រវត្តិថ្មីមួយទៀត ដែលត្រូវបានផលិតឡើង ដើម្បីទុកដាក់ការពារទីតាំង​បង្ហោះមីស៊ីលពីការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមគេហទំព័រ New Russian Weapons ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផលិត​សព្វាវុធ ប្រចាំប្រទេសរុស្ស៊ី Uralvagonzavod ប្រព័ន្ធគ្រឿងយន្ត SPRS (Self-Propelled Robotic System) អាចធ្វើការបាញ់គ្រាប់កាំភ្លើង និងគ្រាប់បែកទៅកាន់គោលដៅ ដែលស្ថិតនៅរយៈចម្ងាយ​ប្រមាណ ៤០០ម៉ែត្រពីខ្លួនវាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ហើយវាត្រូវបានបំពាក់មកជាមួយនូវ ប្រព័ន្ធរ៉ាដាដ៏ទំនើបដែលអាចអនុញ្ញាតឲ្យវាធ្វើការតំរង់ និងបាញ់គោលដៅបានត្រឹមត្រូវ​ហើយច្បាស់លាស់បំផុត ដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ដែរថានៅក្នុងឆ្នាំ២០១៦ នេះ SMF ក៏នឹងទទួលបានប្រព័ន្ធការពារថ្មីមួយចំនួនផ្សេងទៀត​ផងដែរ​ ដោយរួមបញ្ចូលទាំងប្រព័ន្ធ MRS (Mobile Robotic System) ដែលត្រូវបានរចនាឡើងសម្រាប់​ឈ្លបយកការណ៍, កម្ចាត់គោលដៅដែលឈរស្ងៀម និងចល័ត, បាញ់គាំទ្រ, យាមល្បាត, ក៏ដូចជាការពារនូវទីតាំងយោធាសំខាន់ៗថែមទៀត៕