(អាមេរិក)៖ បន្ទាប់ពីជំនួបជាមួយលោក ដូណាល់ ត្រាំ ដែលសារព័ត៌មាននានាចុះផ្សាយថា បានបញ្ចប់ទៅ​ប្រកបដោយភាពវិជ្ជមានបំផុតនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកដែល​ជិតផុតអាណត្តិ​ក៏បានឆ្លៀតឱកាសអំពាវនាវឲ្យប្រជាជនអាមេរិកដែលកំពុងកើតទុក្ខមិនសុខចិត្តនឹងលទ្ធផលនោះ សូមបើកចិត្តឲ្យ​ទូលាយដើម្បីគាំទ្រលោក ត្រាំ ឡើងជាប្រធានាធិបតីអាមេរិកទី៤៥ នៅដើមឆ្នាំក្រោយនេះ។ នេះបើតាម​ការចេញផ្សាយដោយ CNN នៅរសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដោយឡែកលោកស្រី គ្លីនតុន ក៏បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីលទ្ធផលឆ្នោតចេញជាផ្លូវការថា​ លោកស្រីជាអ្នកចាញ់នោះផងដែរ ដោយលោកស្រីបាន អំពាវនាវឲ្យពលរដ្ឋអាមេរិកទាំងអស់​បើកចិត្ត​ឲ្យទូលាយ និងទទួលយកលោក ត្រាំ ធ្វើជាមេដឹកនាំថ្មីរបស់អាមេរិក ហើយលោកស្រី គ្លីនតុន ក៏រីករាយក្នុងការ​សហការជាមួយប្រធានាធិបតីថ្មីរូបនេះ នៅក្នុងការដឹកនាំប្រទេសបន្ត​ទៀតផងដែរ។

គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក អូបាម៉ា លោក ត្រាំ បានលើកឡើងថា «យើងបានពិភាក្សាគ្នា​លើការខ្វែងគំនិតគ្នាជាច្រើន (.......) ហើយខ្ញុំគិតថាខ្ញុំ នឹងធ្វើការងារជាមួយគាត់ (លោក អូបាម៉ា) នៅពេលអនាគត និងទទួលយោបល់ពីគាត់។ ដោយឡែក​ឆ្លើយតបនឹងការលើកឡើងនេះ លោក អូបាម៉ា បាននិយាយថា «ខ្ញុំនឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន​ដើម្បីជួយអ្នក (លោក ត្រាំ) ឆ្ពោះទៅរកជោគជ័យ ព្រោះថាជ័យជំនះរបស់អ្នកនឹងផ្ដល់ផលប្រយោជន៍ដល់​ប្រទេសជាតិទំាងមូល ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចសម្រេចបានវត្ថុបំណងនេះ តាមរយៈធ្វើការងាររួមគ្នា​ប្រឈមមុខនឹងឧបសគ្គទំាងឡាយ»