(នូវែលសេឡង់)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងេ ៧.៨រ៉ិចទ័រដែលបានវាយប្រហារកោះភាគខាងត្បូង ​នៃប្រទេសនូវែលសេឡង់នោះ ក៏បានបង្កជារលកយក្សស៊ូណាមិផងដែរ ខណៈប្រជាជនទាំងអស់​ត្រូវបាន អាជ្ញាធរប្រកាសឲ្យភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ដើម្បីគេចចេញពីរលក​មហាប្រល័យខាងលើ​នេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអ្នកតាមដានភូមិសាស្ត្រជាតិរបស់នូវែលសេឡង់បានអះអាងថា គ្រោះរញ្ជួយដីបានកើតឡើងមួយភាគធំនៅលើផ្ទៃដី ដែលវាមានកម្រិតធ្ងន់ធ្ងរខ្លាំងណាស់ ដែលមានចម្ងាយតែ ៩១គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Christchurch ដែលធ្លាប់ទទួលរងគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រកាលពីឆ្នាំ២០១១ និងបានបង្កជាវិនាសកម្មធំធេងបំផុតនោះ។

ទោះបីជាយ៉ាងណាក៏ដោយស្ថានការណ៍ជាទូទៅនៅតំបន់កោះធំខាងត្បូង ចំនឹងភាគកណ្តាលប្រទេសនោះនៅមិនទាន់ មានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះប៉ុន្មាននាក់, ខូចខាតទ្រព្យសម្បត្តិក្នុងទំហំប៉ុណ្ណា និង ថាតើរលកយក្សស៊ូណាមិបានវាយប្រហារខ្លាំងក្នុងកម្រិតណានោះឡើយ​ដោយយើងត្រូវរង់ចាំព័ត៌មានបន្ថែមពី ស្ថានការណ៍ដែលកំពុងវឹកវរខាងលើនេះសិន៕