(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ ដើម្បីបំពេញ ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ទៅកាន់តំបន់អាមេរិកឡាទីន និងចូលកិច្ច​ប្រជុំថ្នាក់តំបន់ដ៏​សំខាន់មួយផងដែរគឺ APEC ដែលមេដឹកនាំចិននឹងជួបពិភាក្សាជាមួ​យមេដឹកនាំ​ប្រទេសជាច្រើនដូចជា រុស្ស៊ី, អាមេរិក, បណ្តាប្រទេសអាស៊ី, និងអាមេរិកឡាទីន។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច​ដោយទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

សារព័ត៌មានបានបន្តទៀតថាលោក ស៊ី ជិនពីង នឹងត្រូវបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាមេរិក​ឡាទីនចំនួនបីគឺ ប៉េរូ អេក្វាទ័រ និងស៊ីលី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា មុននឹងលោក​បន្ត​ដំណើរ​ទៅ​ចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២៤ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលរៀបចំឡើងនៅក្នុងរដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។

គួរបញ្ជាក់ថាកិច្ចប្រជុំ APEC នាពេលខាងមុខនេះក៏នឹងមានប្រធានាធិបតីវៀតណាម និងប្រធានាធិបតី ហ្វីលីពីនចូលរួមផងដែរ ខណៈប្រទេសកូរ៉េខាងត្បូងបានឲ្យដំណឹងថាលោក ផាក គឺនហេ នឹង​មិនបាន​​ទៅចូលរួមនោះឡើយ ដោយយោងលើហេតុផលនៃសន្តិសុខជាមួយកូរ៉េខាងជើង។ ដោយឡែកលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងទៅចូលរួមជាធម្មតា ដែលនឹងជាលើ​ក​ចុង​ក្រោយរបស់​លោកក្នុងកិច្ចប្រជុំ APEC ហើយលោកក៏គ្រោងនឹងជួបលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនដែល​កំពុងតែព្រួយបារម្ភខ្លាំងចំពោះអនាគតប្រធានាធិបតីថ្មីរបស់អាមេរិកគឺលោក ដូណាល់ ត្រាំ ផងដែរ៕