(វ៉ាស៊ីនតោន)៖ មុននឹងបញ្ចប់អាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ លោក បារ៉ាក់ អូបាម៉ា បានផ្ដើមថ្លែងសុន្ទរកថា​បង្ហាញពីសាច់ដុំកងទ័ពអាមេរិក ដោយលោកផ្ទាល់​បានអះអាងថា​ក្នុងសម័យបច្ចុប្បន្នកងទ័ពអាមេរិក​នៅតែជាកងទ័ពដ៏ខ្លាំងបំផុត ដែលពិភពលោកមិនធ្លាប់មាន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសុន្ទកថា​ចំពោះមុខកងទ័ពអាកាសអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស MacDill ក្នុងទីក្រុង Tampa នៃរដ្ឋ Florid​a កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ខ្ញុំជឿថា​យើងមិនដែល​ស្ទាក់ស្ទើរ ឬ ​រួញរាម្ដងណា​ឡើយក្នុងការធ្វើប្រតិកម្មឆ្លើយតប​រួមមានទាំងសកម្មភាពឯកតោភាគី ដើម្បីប្រឆាំងទប់ទល់នឹង​រាល់ការគំរាមកំហែងគ្រប់​ទម្រង់មក​លើប្រជាជនអាមេរិក ត្បិតសហរដ្ឋអាមេរិក​នៅតែមានកងទ័ពដ៏ខ្លាំងបំផុត​ដែលពិភពលោកមិនធ្លាប់មាន »

បន្ថែមពីខាងលើនេះ​ដោយលើកឡើងពី​សកម្មភាពកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ លោក អូបាម៉ា បានសារទរដែលបច្ចុប្បន្នក្រុមអាល់កៃដា លែងក្លាយជាស្រមោលអន្ទោលតាមប្រាណ​នៃមហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៉ុន្តែលោកនៅតែអះអាងថាការយកចិត្តទុកដាក់ជាអចិន្ត្រៃយ៍របស់​សហរដ្ឋអាមេរិក គឺការកម្ទេចបណ្ដាញភេរវកម្មរបស់ក្រុមអាល់កៃដា និងក្រុម ISIS។

គួរបញ្ជាក់ថាក្នុងនាមជា​ជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាព លោក បារ៉ាក់ អូបាម៉ា តាមរយៈរដ្ឋាភិបាល​របស់លោក​បានដឹកនាំប្រតិបត្តិការរួមមានទំាងយោធានៅ​ឯបរទេសឥតឈប់​ឈរក្នុងរយៈពេល០៨ឆ្នាំជា​ប្រធានាធិបតីអាមេរិកក្នុងក្របខណ្ឌ​នៃការប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ៕