(ឡាប៉ាស់)៖ អាជ្ញាធរប្រទេសបូឡាវីនៅថ្ងៃអង្គារនេះ បានឃាត់ខ្លួននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ LaMia ដែលជាម្ចាស់យន្តហោះដែលបានធ្លាក់​កាលពីសប្តាហ៍មុននៅក្នុងប្រទេស​កូឡុំប៊ី និងបានផ្តាច់យក​ជីវិតក្រុមកីឡាករបាល់ទាត់នៃក្លឹប Chapacoense របស់ប្រទេសប្រេស៊ីលស្ទើរតែទាំងអស់។ នេះបើតាមការ​អះអាងពីរដ្ឋអាជ្ញាបូលីវី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

លោក Gustavo Vargas ជានាយកប្រតិបត្តិរួមនិងបុគ្គលិកចំនួនពីរនាក់ផ្សេងទៀត​​របស់ក្រុមហ៊ុន​អាកាសចរណ៍​ដែលមានទីតាំងនៅក្នុងប្រទេសបូលីវី ត្រូវបានកម្លាំងប៉ូលិសនាំខ្លួន​យកទៅកាន់ការិយាល័យ​រដ្ឋអាជ្ញានៅឯទីក្រុង Santa Cruz ដើម្បីសួរចម្លើយអាចរហូតដល់ទៅ ០៨ម៉ោងនៅក្នុងក្របខណ្ឌនៃការ​ស៊ើបអង្កេតជុំវិញគ្រោះមហន្តរាយធ្លាក់យន្តហោះ ដែលបានកើតឡើងកាលពីដើមសប្តាហ៍មុននេះ។

គួរបញ្ជាក់ដែរថានៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅប្រទេសកូឡុំប៊ី) យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ នៃក្លឹប Chapecoense របស់ប្រេស៊ីលតាមជើង​ហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅកាន់ប្រទេសកូឡុំប៊ីបានធ្លាក់នៅ​តំបន់ភ្នំក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារមូលហេតុអស់​ប្រេងសាំងហើយនៅលើយន្តហោះ​មានផ្ទុកមនុស្សសរុបទាំងអស់ចំនួន ៧៧នាក់ (សហសេវិក០៩នាក់ និងអ្នកដំណើរ ៦៨នាក់)៕