(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទដើមសប្តាហ៍​នេះ បានចេញ​បញ្ជា​ឲ្យ​​បិទ​ច្រក​ព្រំដែន​ជាប់​​នឹង ប្រទេសកូឡុំប៊ីមួយរយៈសិន​គឺក្នុងពេល ៧២ម៉ោងដើម្បីទប់​ស្កាត់​ការរត់ពន្ធក្រដាស​ប្រាក់ខុសច្បាប់ ​ដោយពួកក្រុមឧក្រិដ្ឋជន​សម្ងាត់ ដែលព្យាយាមបង្កអស្ថិរភាពដល់​សេដ្ឋកិច្ច​ជាតិ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិច​នាព្រឹកថ្ងៃ​អង្គារ ទី១៣ ខែធ្នូ​ ឆ្នាំ២០១៦។

ការបិទព្រំដែនជាមួយនឹងប្រទេសកូឡុំប៊ីនេះ កើតឡើងចំពេលដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងព្យាយាម​ដោះស្រាយការកើនឡើង ​ឥត​ឈប់​ឈរនៃ​អតិផរណា​នៅក្នុងប្រទេស និងការចេញក្រដាសប្រាក់ថ្មី​ជាច្រើន​ប្រភេទក្រោយ​ពេល​ដែល​​រដ្ឋាភិបាល​បាន​ប្រកាស​ថា នឹង​លែង​ឲ្យ​មាន​​ការប្រើប្រាស់ក្រដាស​ប្រាក់តម្លៃ​១០០ បូលីវ៉ា​ត​ទៅទៀត ដែល​សព្វ​ថ្ងៃវា​ជា​ក្រដាស​ប្រាក់​​ដ៏​ពេញ​និយម​បំផុត​ នៅក្នុង​ប្រទេស​វេណេ​ស៊ុយ​អេឡា ប៉ុន្តែ​មានតម្លៃស្មើត្រឹម ៣ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

លោក ម៉ាឌូរ៉ូ បានព្រមានថានឹងមិនអនុញ្ញាត​ឲ្យជនទាំងឡាយណា ធ្វើការនាំចូលក្រដាសប្រាក់ ១០០បូឡាវ៉ា​ពីក្រៅប្រទេស មកធ្វើ​ការ​​​ដោះ​ដូរ​យក​ក្រដាសប្រាក់​ថ្មី​ឡើយ ដែលជាហេតុធ្វើឲ្យប្រជាជន​វេណេស៊ុយអេឡា​នាំគ្នារួសរាន់ចាយប្រកាសប្រាក់ ១០០បូឡាវ៉ា ដែលពួកគេមាន​យ៉ាង​ទាន់ហន់​បំផុត​នៅថ្ងៃអង្គារនេះ ឲ្យបានមុន​ថ្ងៃពុធ សប្តាហ៍នេះដែលជាពេលកំណត់របស់​រដ្ឋាភិបាល ក្នុងការដកក្រដាសប្រាក់ ១០០បូឡាវ៉ាឈប់ឲ្យធ្វើ​ចរាចរណ៍តទៅទៀត។

គួរបញ្ជាក់ថា បើយោងតាមការព្យាករណ៍ ប្រជាជនវេណេស៊ុយអេឡា​ ប្រមាណជាមួយភាគបី​ពុំមានគណនី​ធនាគារ​នោះឡើយហើយ ​​និង​បាន​ធ្វើ​ការ​រក្សា​ទុក​ប្រាក់​សន្សំ​​របស់ពួកគេ នៅក្នុងទម្រង់​​ជាក្រដាសប្រាក់ ១០០បូឡាវ៉ាដែលឆាប់ៗខាងមុខនេះ នឹងគ្មានតម្លៃទៀតនោះឡើយ៕