(តួកគី)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ដែលត្រូវបាន​ខ្មាន់កំាភ្លើងបាញ់​ឱ្យរបួសធ្ងន់​នៅអំឡុងពេល​ថ្លែងសុន្ទកថាក្នុងឱកាសចូលរួមទស្សនា ពិធីតាំងពិព័រណ៌រូបថតមួយនៅក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទ ម្សិលមិញបានស្លាប់ហើយ ប៉ុន្តែហេតុការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ​មុននឹងរដ្ឋមន្ត្រី​ការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស រុស្ស៊ី អ៊ីរ៉ង់ និងតួកគី​ ត្រូវចូលរួមកិច្ចប្រជុំ​ស្ដីពីបញ្ហាស៊ីរី​ នៅថ្ងៃអង្គារនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters​​ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹង​ការបាញ់សម្លាប់​អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុង​អង់ការ៉ា លោក Andreї Karlov អ្នកជំនាញរុស្ស៊ី លោក Koray Gurbuz បានកត់សម្គាល់ថា ការវាយប្រហារនេះ​មិនមែនជារឿងចៃដន្យ​នោះទេ ​ដោយលោកបានលើកឡើងដូច្នេះថា «រុស្ស៊ី តួកគី និងអ៊ីរ៉ង់ ពិតជាមាន​គោលបំណងពិតប្រាកដ​ក្នុងការស្វែងរក សន្តិភាព សម្រាប់ស៊ីរី​ព្រមទាំងស្ថេរភាពនៅ​ក្នុងតំបន់ ហើយកិច្ចប្រជុំនៅថ្ងៃស្អែក (ថ្ងៃអង្គារនេះ) ពិតជាមានសារៈសំខាន់​ណាស់»។ លោក Gurbuz បន្តថា «ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំទីក្រុងអង់ការ៉ា គឺមានគោលបំណងគម្រាម និងរារាំងដល់គំរោង​សហការរវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ស្ដីពីប្រទេសស៊ីរី»

ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា ​ការបាញ់ប្រហារនេះ ធ្វើឡើងក្នុង​ចេតនាបំផ្លាញដំណើរការ​សន្តិភាពសម្រាប់ស៊ីរី និងទំនាក់ទំនង រុស្ស៊ី-​តួកគី។​ «គ្មានអ្វីគួរឱ្យ​សង្ស័យនោះទេ! ការបាញ់សម្លាប់​អគ្គរដ្ឋទូតរុស្ស៊ី គឺមានចេតនាបំផ្លាញការស្ដារ​ទំនាក់ទំនងឡើងរវាងរុស្ស៊ី និងតួកគី ​រួមទំាងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាព​សម្រាប់ស៊ីរី»។ នេះបើតាមវិមាន​ក្រឹមឡាំង ដកស្រង់​សម្ដី​​របស់លោក ពូទីន។

គួរបញ្ជាក់ថា​ បើតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរតួកគី ខ្មាន់កាំភ្លើងដែលបាញ់​សម្លាប់លោក Andrel Karlov មាន​ឈ្មោះថា Mevlut Mert Altıntas អាយុ ២២ឆ្នាំ និងជាមន្ត្រីប៉ូលិសម្នាក់​ដែលបានបញ្ចប់ការ​សិក្សាពី​សាលាប៉ូលិស Izmir Police School។ ជាងនេះទៅទៀត​នៅមុន និងក្រោយបើក​ការបាញ់​ប្រហារ Altıntas បានស្រែកថា «កុំបំផ្លិចបំផ្លាញទីក្រុងអាឡេប៉ូ» និងឃ្លាមួយទៀតគឺ «Allahu Akbar» ដែលមានន័យថា​ «ព្រះជាម្ចាស់ធំបំផុត» បន្ទាប់មកជននេះក៏ត្រូវបានបាញ់សម្លាប់ ពេលធ្វើការបាញ់តដៃ​ជាមួយសមត្ថកិច្ចនៅក្នុងហេតុការណ៍នោះ៕