(​អង់ការ៉ា)៖ ប៉ូលិសតួកគី​បានឱ្យដឹងថា បុរសប្រដាប់អាវុធម្នាក់​ត្រូវបានឃាត់ខ្លួនភា្លមៗ​ អំឡុង​ពេលដែលរូបគេ​ព្យាយាមសំរុកចូលក្នុងស្ថានទូតអាមេរិក​ប្រចាំទីក្រុងអង់ការ៉ា នៃប្រទេសតួកគី ហើយដែលការចាប់ខ្លួននេះ​ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង​ម្នាក់ផ្សេងទៀត​បានបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី លោក Andrey Karlov នៅក្នុងពិធីតាំងពីព័រណ៌រូបថត នៅទីក្រុងអង់ការ៉ា។ នេះបើ​តាមកាសែត​តួកគី Daily Sabah ចុះផ្សាយបន្ត​ដោយសារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមកាសែត Daily Sabah ស្ថានភាពបានត្រឡប់ទៅរកភាពប្រក្រតីវិញហើយ ខណៈស្ថានទូតអាមេរិក បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ត្រូវស្ថិតនៅឱ្យឆ្ងាយពី​បរិវេណស្ថានទូតរហូតដល់ថ្ងៃអង្គារ​នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ​នៅឡើយទេ​ពាក់ព័ន្ធជនសង្ស័យ​ខាងលើ ហើយគេក៏នៅពុំទាន់អាចបញ្ជាក់បានដែរ​ថា សកម្មភាពនេះអាចជាគំរោង ឬក៏មានជាប់ទាក់ទិន​នឹង​ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី ឬយ៉ាងណានោះដែរ៕