(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាពិសេសនៃ​ប្រទេសកូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ បានចុះឆែកឆេរ​លំនៅឋាន​របស់អតីតប្រធានខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បីស្វែករកភស្តុតាង​ជុំវិញការជាប់ពាក់ព័ន្ធដោយ​ខុសច្បាប់របស់​លោក​នៅក្នុងការគ្រប់គ្រង​​បុគ្គលិក​នៃក្រសួងវប្បធម៌ ដែល​ប្រតិបត្តិការថ្មីនេះ​គឺស្ថិតនៅ​ក្នុងក្របខ័ណ្ឌ​នៃការស៊ើបអង្កេត​ទៅលើរឿងអាស្រូវ​ ដែលនាំឲ្យឈាន​ទៅដល់ការទាមទារទម្លាក់​លោកស្រី ផាក គឺនហេ ​ចេញពីអំណាចកាលពីដើមខែធ្នូនេះ។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង​ផ្ទាល់ បានបង្ហាញឲ្យឃើញ​ពីសកម្មភាព​ក្រុមអ្នកស៊ើបអង្កេត​នៃក្រុមប្រឹក្សា​ឯករាជ្យ​បានសំរុកឆែក​ឆេរ​ក្នុងផ្ទះរបស់​លោក គីម គីជូន (Kim Ki-choon) ដែលបានកាន់​តួនាទី​ជា​អគ្គលេខាធិការរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ កាលពី​ចន្លោះឆ្នាំខែសីហា ឆ្នាំ២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ២០១៥ ដើម្បីរឹបអូសយកឌីស​ផ្ទុកទិន្នន័យ​របស់កុំព្យូទ័រ សៀវភៅកំណត់ហេតុ និងទូរស័ព្ទដៃ។

អ្នកនាំពាក្យរបស់​ក្រុមអ្នកស៊ើ​ប​អង្កេត​លោក ហុង ជុងស៊ុក (Hong Jung-seok) បានចេញមុខ​បញ្ជាក់​សេចក្តី​រាយការណ៍​នេះតាមរយៈសារ​ជាអក្សរមួយ ដោយនិយាយថា​គេហដ្ឋាន​របស់លោក គីម កំពុងស្ថិតនៅ​ក្រោមការ​រឹបអូស និងឆែកឆេរប៉ុន្តែលោក ហុង មិនបានរៀបរាប់លម្អិត​​ឲ្យបានវែងឆ្ងាយ​នោះឡើយ។

លោក គីម ត្រូវបានគេមើលឃើញថា ជាបុគ្គល​ដ៏សំខាន់មួយរូប​ក្នុងការលាត​ត្រដាងនូវរឿងអាស្រូវ​យ៉ាងស្មុគស្មាញ​ពាក់ព័ន្ធជាមួយ​​​លោក​ស្រី​ ផាក គឺនហេ និងស្រ្តីឈ្មោះ ឆយ ស៊ូនស៉ីល ដែលជាមិត្តភក្តិ​ដ៏ជិតស្និទ្ធ​បំផុតរបស់​លោកស្រី ដោយសារតែលោក គីម គីជូន គឺជា​មនុស្ស​ម្នាក់​នៅក្នុងចំណោម​មនុស្ស​ដ៏​ជំនិតរបស់លោកស្រីប្រធានាធិបតី​ ដែលត្រូវបានគេទម្លាក់​ចេញពីអំណាច។

គួរបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាពិសេស​បានចុះឆែក​ឆេរ​ផ្ទះរបស់លោក គីម ដោយផ្អែកលើការ​សង្ស័យថា​លោក បានបញ្ជាឲ្យ​អនុរដ្ឋមន្រ្តី​​វប្បធម៌​កាល​ពី​​ខែតុលា​ ឆ្នាំ២០១៤ ឲ្យបញ្ឈប់ការងារ​មន្រ្ត ​ជាន់ខ្ពស់របស់ក្រសួង​វប្បធម៌​ចំនួន០៦រូប និងរំលោភសិទ្ធិ​នៃការប្រើប្រាស់អំណាច​​របស់​លោក ហើយលោក គីម ក៏កំពុងត្រូវ​បានគេស៊ើបអង្កេត​ជុំវិញការពាក់ព័ន្ធ​ដោយមិនស្របច្បាប់​នៅក្នុងការគ្រប់គ្រងបុគ្គលិក​នៃក្រសួងវប្បធម៌​និងកីឡាផងដែរ៕