(​ប៉ារីស)៖ បេក្ខភាពដែលត្រៀមធ្វើការ​​ប្រកួតប្រជែង​​ យក​តំណែងប្រធានាធិបតីបារាំង​នៅឆ្នាំ២០១៧ និងជា​ប្រធានគណបក្ស​រណសិរ្សជាតិ (​Front National) លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen​) បានអះអាង​ពី​គោលបំណងរបស់លោកស្រី ក្នុង​ការរៀបចំការបោះឆ្នោត​ប្រជាមតិ​មួយ​ស្ដីពី ​Frexit ឬឱ្យបារាំង​ចាកចេញ​ពី​សហភាពអឺរ៉ុប ព្រមទាំងចែកផ្លូវផងដែរជាមួយអង្គការ NATO ដែលលោកស្រីចាត់ទុកថាជាអង្គការហួស សម័យ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today​ នៅមុននេះបន្តិចនារសៀល​ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយទស្សនាវដ្ដី​ក្រិក Dimokratia លោកស្រី ម៉ារីន ឡឺប៉ែន បានលើកឡើងយ៉ាង​ដូច្នេះថា «Frexit​» គឺជាកម្មវិធីនយោបាយមួយ​របស់ខ្ញុំ ហើយបើខ្ញុំជាប់ឆ្នោត​នៅឆ្នាំ២០១៧ ប្រជាជន​បារាំង​គួរតែមានឱកាស​បោះ​ឆ្នោតដើម្បីរំដោះខ្លួនពីភាពជាទាសករ និងការគំរាមកំហែងពី​សំណាក់អ្នកនយោបាយ ព្រុចសែល (សហភាពអឺរ៉ុប) ក៏ដូចជាដើម្បីស្វែងរក​ដែនអធិបតេយ្យភាព​ប្រទេសរបស់​យើងមកវិញ»។
ឆ្លើយតបនឹងសំណួរ​ពាក់ព័ន្ធនឹងអង្គការ NATO លោកស្រី ម៉ារីន ឡឺប៉ែន បានឆ្លើយដោយ​គ្មានការស្ទាក់ស្ទើរ​ថា «អង្គការ NATO ត្រូវបានបង្កើតឡើង​នៅចំ​ពេលដែលកត្តិកសញ្ញាវ៉ាសូវី ទទួលរងការគំរាមកំហែង និងការពង្រីកឥទ្ធិពល​នៃលិទ្ធិកុម្មុយនីស្ដរបស់អតីតសហភាពសូវៀត ក៏ប៉ុន្តែនៅពេលបច្ចុប្បន្នលែងមាន​ហើយ សហភាព​សូវៀត និងកត្តិកសញ្ញាវ៉ាសូវី ​ដូច្នេះបារាំងមិនចាំបាច់អី្វត្រូវ​បន្តនៅជាសមាជិក​អង្គការ NATO ខណៈសហរដ្ឋអាមេរិកកំពុង​រក្សាវត្តមានអង្គការ NATO នៅអឺរ៉ុបដើម្បីបម្រើផល​ប្រយោជន៍​ផ្ទាល់ខ្លួន»

គួរបញ្ជាក់ថាលោកស្រី ម៉ារីន ឡឺប៉ែន ជាបេក្ខភាពម្នាក់ដែល​នឹងត្រូវចូលរួមប្រកួត​ប្រជែងជាមួយ អតីតនាយករដ្ឋមន្ត្រីបារំាងលោក ហ្រ្វង់ស័រ ហ្វីយ៉ុង និងបេក្ខភាពមិនទាន់ជ្រើសរើស​ម្នាក់ទៀត​មកពី​គណបក្សសង្គមនិយម​របស់ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស័រ ហូឡង់ នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបារាំង​នៅ ខែឧសភា ឆ្នាំ២០១៧៕