(តូក្យូ)៖ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន​បានថ្លែងនៅថ្ងៃចន្ទ​នេះថា ការចល័ត​នៃនាវា​ផ្ទុកយន្តហោះ​ចម្បាំងមួយគ្រឿងរបស់​ប្រទេស​ចិន​​​នៅមហាសមុទ្រប៉ាស៉ីហ្វិក គឺជាការស្តែង​ឲ្យឃើញយ៉ាងច្បាស់​ពីការពង្រីក​វិសាលភាពនៃ​សមត្ថភាពយោធា​របស់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយប្រទេស​ជប៉ុនបាន​និងកំពុងតាមដាន​មើលយ៉ាងជាប់​ជានិច្ច​ចំពោះសកម្មភាព​របស់វា។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​មុននេះបន្តិច​នារសៀល​ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ប្រធានខុទ្ធកាល័យ​នៃគណៈរដ្ឋមន្រ្តីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshide Suga) បានបញ្ជាក់ថា​រដ្ឋាភិបាល​​ទីក្រុងតូក្យូ នឹងចាត់គ្រប់វិធានការ​គ្រប់បែបយ៉ាង​សម្រាប់ការតាមដាន​ឃ្លាំមើលក៏ដូចជាការព្រមាន​​នៅក្នុងតំបន់​ដល់​ភាគីចិន ហើយ​យោង​តាម​បណ្តាញ​សារ​ព័ត៌មាន​ជប៉ុន នាវាផ្ទុកយន្តហោះ​ចិនឈ្មោះថា «Liaoning» មួយគ្រឿងនេះ​ក៏បានអមដំណើរ​​មក​ជា​មួយ​ដោយ​នាវាចំនួន​​០៧​​​គ្រឿង​ផ្សេង​ទៀត​​ផងដែររួមមាន នាវាពិឃាតបី​គ្រឿង នាវាចម្បាំងបីគ្រឿង និងនាវាផ្គង់ផ្គង់មួយគ្រឿង។

គួរបញ្ជាក់ដែរថា​នាវា Liaoning ត្រូវបានការសាងសង់​ឡើងដោយប្រើប្រាស់​គ្រោងកប៉ាល់​របស់អតីត​សហភាព​សូវៀតដែលចិន​ទទួលបាន​កាលពីឆ្នាំ១៩៩៨ ហើយវាគឺជា នាវាផ្ទុកយន្តហោះ​ដំបូងគេបំផុត​របស់ប្រទេសចិន ហើយជុំវិញការធ្វើនាវាចរណ៍នេះ​រដ្ឋាភិបាលចិនបានអះអាង​ថា​នាវា Liaong កំពុងតែអនុវត្តន៍​ការហ្វឹកហ្វឺន​ជាប្រចាំរបស់ខ្លួន​នៅមហាសមុទ្រប៉ាស៉ីហ្វិក​ភាគខាងលិច៕