(​ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ៥០នាក់​ ត្រូវបានសម្លាប់នៅក្នុងការប៉ះ ទង្គិចគ្នាដ៏សាហាវមួយរវាងក្រុមបងធំ នៅឯ​ពន្ធនាគារ​មួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon។ នេះបើតាមស្ថានីយ៍ ទូរទស្សន៍ Globo TV network ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។​

ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Globo TV network ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes ​បានឱ្យដឹងថា លោក មានការបារម្ភ​ដោយខ្លាចក្រែង​ចំនួនអ្នកស្លាប់អាចនឹង​មានច្រើនជាងនេះ ខណៈអាជ្ញាធរ សន្និដ្ឋានថា ការប៉ះទង្គិចដែលបានកើត ឡើងនៅថ្ងៃអាទិត្យម្សិលមិញ គឺ​អាចបង្ករឡើង​ដោយសារជម្លោះ​រវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។

សូមជំរាបថា ក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំង ចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗ​តែងតែបណ្ដាលឱ្យ រឿងបែបនេះកើតឡើង៕