(អង់ការ៉ា)៖ ទីបញ្ជាការ​យោធាប្រទេសតួកគី​បានឲ្យដឹង​នៅថ្ងៃចន្ទនេះ​ថា សមាជិក​នៃក្រុមភេរវករ ISIS ចំនួន ៤៨នាក់ត្រូវបាន​សម្លាប់​នៅក្នុង​​ក្រុង Al-Bab ភាគខាងជើង​ប្រទេសស៊ីរី​នៅក្នុងប្រតិបត្តិការ​យោធា​​ដែលបាន​ប្រព្រឹត្ត​ទៅក្នុងរយៈពេល​ ២៤ម៉ោងចុងក្រោយនេះ។ នេះបើ​តាម​​ការ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

យោងតាមប្រភពដដែលឲ្យដឹងទៀតថា កន្លែងលាក់ខ្លួន, ទីតាំងការពារខ្លួន, យានយន្ត, និងទីបញ្ជាការ​ដ្ឋាន​ជាច្រើន​សរុប​ចំនួន​ ២៤៦គោលដៅ​ត្រូវបាន​​វាយប្រហារ​​ដោយក្រុមប្រតិបត្តិការ​យោធា​ក៏ក្តៅគគុក ហើយក្រៅ​ពី​ក្រុង Al-Bab យន្តហោះចម្បាំង​របស់កងយោធាតួកគី ក៏បានធ្វើ​ការទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​ឈរ​ជើង​របស់ក្រុមភេរវករនេះ​ នៅតាមបណ្តាទីក្រុង​មួយចំនួន​​រួមមាន Bzagah, Suflaniyah, និង Kabr Al-Mukri ថែមទៀតផង។

គួរបញ្ជាក់ថា​យោធាតួកគី​បានបើកប្រតិបត្តិការ​មួយមានឈ្មោះ​ថា Euphrates Shield កាលពី​ខែសីហា ឆ្នាំ២០១៦ ដើម្បីប្រឆាំង​នឹងក្រុម ISIS ក៏ដូចជាក្រុម​ឧទ្ទាម​ឃើដ នៅក្នុងទឹកតាមព្រំដែននៃប្រទេសស៊ីរី ហើយក៏បានសម្រេចលទ្ធផល​ជាច្រើនកន្លងមក​ហើយដែរ៕